(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី ដោយមានការចូលរួមពី លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត, លោក ឃឹង នុភាព សមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងអនុប្រធានកិត្តិយ និងសមាជិកសាខាកាកបាទក្រហមខេត្តជាច្រើនរូបទៀត បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត រងគ្រោះដោយទឹកជំនន់ចំនួន ៣៥៣គ្រួសារ អញ្ជើញមកពី៥៩ភូមិ នៅក្នុង៥ឃុំ របស់ស្រុក ប្រាសាទសំបូរ។
ពិធីចែកអំណោយនេះ ធ្វើឡើងនៅ ២ទីតាំងផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ គឺទីតាំងទី១ ចែកនៅក្នុងបរិវេណវត្តវត្តចាន់ម៉ូលី ភូមិកំពង់ឈើទាល ដែលមានបងប្អូនចំនួន ១៦៥គ្រួសារ អញ្ជើញមកពីឃុំសំបូរ និងឃុំតាំងក្រសៅ ហើយទីតាំងទី២ ចែកនៅក្នុងបរិវេណវត្តកំពង់ជ្វា ភូមិកំពង់ជ្វា ដែលមានបងប្អូនចំនួន១៨៨គ្រួសារ អញ្ជើញមកពីឃុំឈូក ឃុំគោល និងឃុំស្រើង។ អំណោយមនុស្សធម៌ ដែលនាំយកទៅ ចែកជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកនេះ ក្នុង១គ្រួសារទទួលបាន អង្គរ២០គីឡូក្រាម មី១កេះ ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត២។
លោក សុខ លូ បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខលំបាកជាមួយ បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ លោកបន្ថែមទៀតថា ថ្វីត្បិតតែនេះ ជាអំណោយបន្តិចបន្តួច ប៉ុន្តែវាអាចជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបរបន្ទាប់បន្សំបន្ថែម ដូចជាចិញ្ចឹមសត្វ ដាំដំណាំ ជាដើម ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកផងដែរ។
នាឱកាសនោះដែរ លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ចុះស្រង់ស្ថិតិបងប្អូនដែលទទួលផលប៉ះពាល់ដោយទឹកជំនន់ឱ្យបានត្រឹមត្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវត្រៀមស្រូវពូជ និងគ្រាប់ពូជដំណាំ សម្រាប់ផ្តល់ជូនបងប្អូនដែលទទួលផលប៉ះពាល់ទាំងនេះ ដើម្បីបង្កបង្កើនផលនៅពេលទឹកស្រកទៅវិញ។ លើសពីនេះទៅទៀត លោកក៏បានផ្តាំផ្ញើដល់មន្ទីរសុខាភិបាលខេត្ត ត្រូវខិតខំត្រួតពិនិត្យសុខភាពបងប្អូនដែលមកតាំងទីលំនៅលើទីទួលសុវត្ថិភាព និងនៅតាមមូលដ្ឋាន ដែលកំពុងជួបគ្រោះទឹកជំនន់នៅពេលនេះឱ្យបានជាប្រចាំ។
ចំណែកឯមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យការខូចខាតផ្លូវលំ ដើម្បីត្រៀមលក្ខណៈធ្វើការជួសជុលឡើងវិញនៅពេលទឹកស្រក ហើយមន្ទីរធនធានទឹក និងឧតុនិយម នៅពេលទឹកស្រក ត្រូវត្រៀមក្នុងការស្ដារប្រឡាយឡើងវិញ ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។
លោក សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លាជាដើម ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លើសពីនេះទៀត បងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹក ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា ពីព្រោះដោយសារកំណើនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យព្រួយបារម្មណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕