(ឧត្ដរមានជ័យ)៖ លោកទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រាប់ទៅកាន់យុវជនជំនាន់ក្រោយ កុំជឿតាមការឃោសនាបោកប្រាស់របស់ក្រុមទណ្ឌិត សម រង្ស៉ី ដែលជាជនក្បត់ជាតិសន្ដាន និងបក្ខពួក ព្រោះតែមហិច្ឆតាចង់បានអំណាច។

នៅចំពោះមុខសិស្សដែលទើបប្រឡងជាប់បាក់ឌុច ចំនួន៣៥៩នាក់ មកពីស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងយ៉ាងដូច្នេះថា «កុំជឿលើការឃោសនាបោកប្រាស់របស់ពួក សម រង្សី ដែលជាជន ក្បត់ជាតិតសន្តាន និងបក្ខពួក ព្រោះតែមហិច្ឆតាចង់បានអំណាច វាហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ដូច្នេះយើងត្រូវជឿជាក់ និងដើរតាមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីសុខសន្តិភាព និងអនាគតរបស់ខ្លួនឯង»

លោក គន់ គីម បានថ្លែងទៀតថា ជំនាន់ក្រោយនេះ មានសំណាងណាស់ដែលសម្តេចតេជោ ហ៊ុន សែន បានកសាងសាលារៀននៅគ្រប់ទីកន្លែង បានសេចក្តីថា សាលារត់រកសិស្ស តែជំនាន់មុនសិស្សរត់រកសាលា ដូច្នេះសិស្សទាំងអស់ត្រូវដឹងគុណសម្តេច បើគ្មានសម្តេច គឺគ្មានសាលារៀន គ្មានសន្តិភាព ហេតុនេះត្រូវតែសងគុណសម្តេចដោយខិតខំសិក្សា ហើយភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

គួរជម្រាបថា ក្នុងចំណោមសិស្សដែលប្រឡងបាក់ឌុបទាំង៣៥៩នាក់ ប្រឡងជាប់២៩៣នាក់ រួមមាន (អន្លង់វែងប្រឡងជាប់១៦៤នាក់ និទ្ទេសC ១៧នាក់ D ៤៤នាក់ E១០៣នាក់ និងស្រុកត្រពាំងប្រាសាទ បេក្ខជនប្រឡងជាប់១២៩នាក់ និទ្ទេសA ម្នាក់ Bម្នាក់ C១៦នាក់ D៤៣នាក់ E៦៨នាក់)។

ក្រៅពីការណែនាំពាក់ព័ន្ធបញ្ហាប្រទេសជាតិហើយនោះ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ផងដែរ។

លោក គន់ គីម ក៏បានសម្តែងការអបអរសាទរចំពោះក្មួយៗ ទាំងអស់ដែលខំសង្វាតសិក្សា រហូតប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងសូមឲ្យក្មួយៗ ដែលមានលទ្ធភាពត្រូវបន្តការសិក្សាតទៅទៀត ដើម្បីក្លាយជាធនធានរបស់ប្រទេសជាតិនាថ្ងៃអនាគត ចំពោះក្មួយៗ ដែលមិនមានលទ្ធភាព បន្តការសិក្សា ត្រូវស្វះស្វែងរកការងារធ្វើដើម្បីអនាគតរបស់ខ្លួនទៅថ្ងៃខាងមុខ។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់សាលារៀនជាច្រើនដល់ ខេត្តឧត្ដរមានជ័យ ជួយសម្រួលដល់សិស្សានុសិស្សមានលទ្ធភាព បានទៅរៀនគ្រប់គ្នាៗ សម័យនេះ ជាសម័យតេជោ ដែលវិទ្យាសាស្ត្រ មានការជឿនលឿន ប្រទេសជាតិរីកចម្រើនជាប់ជានិច្ច បើគ្មានចំណេះដឹងជ្រៅជ្រះទេ មិនអានរត់ទាន់សង្គមទេ។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន, ទេសរដ្ឋមន្រ្តី គន់ គីម បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ម៉ូតូ Honda Dream ១គ្រឿង, សិស្សនិទ្ទេស B ទូរស័ព្ទដៃ១គ្រឿង។ ដោយឡែក សិស្ស និងលោកគ្រូ អ្នកគ្រូ ដែលចូលរួមក្នុងពិធីនេះ ទទួលបានថវិកាម្នាក់ៗ៥ម៉ឺនរៀល៕