(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៉ី» ។
តាមសេចក្តីជូនដំណឹង របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះនឹងចាប់ផ្តើមនៅវេលាម៉ោង៨៖៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលប្រកាសវិលចូលប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះនោះ កាលពីពេលថ្មីៗនេះ បានប្រកាសផ្តល់ថវិកាដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរដ្ឋាភិបាល ហើយទៅចុះចូលជាមួយលោក។
ទន្ទឹមនឹងនេះ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា នៅតែបន្តប្រមាថដល់អង្គព្រះមហាក្សត្រ ជាទៅសក្ការៈដ៏ខ្ពង់ខ្ពស់បន្តទៀត ដោយហាក់មិនមានភាពរាងចាលនោះទេ ទោះបីជាសំណុំរឿងបែបនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស ហើយបង្គាប់ឱ្យចាប់ខ្លួនយ៉ាងណាក៏ដោយ។
ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤ របស់ទណ្ឌិត សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ៕