Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី គន់ គីម អំពាវនាវពលរដ្ឋធ្វើបុណ្យដោយក្ដីរីករាយ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងរួមគ្នាការពារសន្ដិភាព កុំឲ្យក្រុមក្បត់ជាតិមកបំផ្លាញ

24-09-2019 15:45

(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើបុណ្យតាមប្រពៃណីដោយក្ដីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ លើសពីនេះ ត្រូវរួមគ្នាបន្ដថែរក្សាសន្ដិភាព ដាច់ខាតកុំឲ្យក្រុមក្បត់ជាតិមកបំផ្លាញ។

សារអំពាវនាវរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលអមដំណើរដោយលោក ឃឹម សេរីវង្ស អនុប្រធានក្រុមការងារថ្នាក់ជាតិ និងឧកញ៉ា លឹម ហេង បានដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិ និងមន្ត្រីរាជការក្នុងខេត្តឧត្ដរមានជ័យ រួមជាមួយពុទ្ធបរិស័ទ្ធ បាននាំយកទេយ្យទាន ចង្ហាន់ និងបច្ច័យយកទៅដាក់បិណ្ឌវេនទី១១ វត្តថ្លាត នៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា ដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីកាន់បិណ្ឌ។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកទៅកាន់ប្រជាពលរដ្ឋ ឲ្យខិតខំប្រឹងប្រែងបង្កបង្កើនផល ប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវខិតខំប្រឹងប្រែង បម្រើសេវាសាធារណៈឲ្យបានល្អ ដោយមិនត្រូវខ្វល់ខ្វាយរឿងអ្នកណាចូលស្រុក ឬមិនចូលស្រុកនោះទេ។

ជាមួយគ្នានេះ លោក គន់ គីម ក៏បានប្រគេនបច្ច័យសម្រាប់ក៏សាងវត្ត៩,០៩០,០០០រៀល ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ហើយលោកឧកញ៉ា លឹម ហេង បានប្រគេនបច្ច័យព្រះសង្ឃ១១អង្គ ក្នុងមួយអង្គ៣ម៉ឺនរៀល និងជូន តាជី យាយជី ចំនួន៣០០នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល៕