(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានក្រើនរំលឹកឱ្យមន្រ្តី និងកងកម្លាំងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ឱ្យបន្តនូវវប្បធម៌ការងារដ៏សកម្ម សហការការគ្នាលើការងាររបស់ខ្លួនបន្តទៀត ដើម្បីបម្រើជូនបងប្អូនប្រជាជន និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនដល់ពួកគាត់ឱ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
ការក្រើនរំលឹកបែបនេះ របស់លោក ពេជ្រ កែវមុនី បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្រ្តីរាជការនៃការិយាល័យចំណុះជំនាញ បុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខណ្ឌ កងកម្លាំងនគរបាលខណ្ឌ កម្លាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងកងកម្លាំងប្រជាការពារខណ្ឌ មុនពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិខ្មែរ បានចូលរួមប្រមាណ ៦០០នាក់។
នាឱកាសនោះលោក ពេជ្រ កែវមុនី បានលើកឡើងដោយថ្លែងកោតសរសើរ មិនដាច់ពីមាត់ទៅដល់មន្រ្តីរាជការ នៃសាលាខណ្ឌទាំងអស់ ដែលបានខិតខំរួមដៃគ្នាបំពេញការងារទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបម្រើជូនបងប្អូនប្រជាជននៅក្នុងមូលដ្ឋានខណ្ឌមានជ័យ នៅពេលពួកគាត់មកទំនាក់ទំនងការងារ និងមកទទួលនូវសេវាពីសាលាខណ្ឌមានជ័យ នាសព្វថ្ងៃនេះហើយលើសពីនេះទៀត កម្លាំងសមត្ថកិច្ចប៉ូលិស ខណ្ឌ ប៉េអឹមខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌសង្កាត់បានរួមដៃគ្នា ដោយចុះសហការគ្នា ក្នុងការបំពេញការងារ ដោយមិនគិតពីការនឿយហត់ ឬក្ដៅត្រជាក់ ក្រោមភ្លៀងរលឹមអ្វីឡើយ ដើម្បីបម្រើប្រជាជនរក្សាការពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនដល់ពួកគាត់ដោយរស់នៅក្នុងភាពកក់ក្ដៅភាពសុខសាន្តជានិច្ច។
លោក ពេជ្រ កែវមុនី បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីសង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈតាមវត្ត, តាមទីសាធារណៈ, ការសំរួលចរាចរ និងលើកកម្ពស់ ការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យ។ លោកអភិបាលបានថ្លែងថា ក្នុងរយៈពេល៣ថ្ងៃ នៃការឈប់សំរាកបុណ្យភ្ជុំដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត គឺបងប្អូនផ្ញើផ្ទះសម្បែងជាមួយអាជ្ញាធររបស់យើង ជួយមើលផ្ទះឱ្យបងប្អូនផង។
ជាមួយគ្នានោះដែរ លោក ពេជ្រ កែវមុនី ក៏បានផ្ដល់នូវថវិកាលើកទឹកចិត្ត ជូនដល់មន្រ្តីរាជការ នៅសាលាខណ្ឌមានជ័យទាំងអស់ នាឱកាសពីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ដែលប្រព្រឹត្តទៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ទុកសម្រាប់ចាយវា ឬទុកធ្វើជាហ៊ុយទៅលេងឯស្រុកកំណើត របស់ខ្លួន ដោយជួបជុំក្រុមគ្រួសាររៀងៗ នាកាសបុណ្យភ្ជុំបិណ្ឌនេះ ហើយជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ សូមជូនពរឱ្យការធ្វើដំណើរ នៅពេលទៅលេងឯស្រុកកំណើត និងពេលវិលត្រឡប់មកបំពេញការងារវិញ ក្រោយបុណ្យភ្ជុំបិណ្ឌឱ្យប្រកប ដោយសុខសុវត្តិភាពគ្រប់ៗ គ្នាហើយសូមការធ្វើដំណើរតាមដងផ្លូវចូរគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ពោលគឺជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកឡានត្រូវពាក់ខ្សែក្រវ៉ាត់ គឺការពារប្រសើរជាងព្យាបាលសុវត្ថិភាពជាចម្បង៕