(ភ្នំពេញ)៖ កម្ពុជា និងជប៉ុន ពេញចិត្តចំពោះកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ខណៈពេលដែល៥ខែដំបូង នៅឆ្នាំ២០១៩នេះ កំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំរហូតដល់ទៅជាង២ពាន់លានដុល្លារអាមរិក។
ការពេញចិត្តនេះ ត្រូវបានបញ្ជាក់ឡើងក្នុងជំនួបរវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមការប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយពេញចិត្ត នូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩នេះ មានទំហំរហូតដល់ជាង២ប៊ីលានដុល្លារអាមេរិក ជាពិសេសក្រោយពីមានការតភ្ជាប់ជើងហោះហើរត្រង់ ដែលមិនត្រឹមតែបានជំរុញការផ្លាស់ប្តូរ ប្រជាជននឹងប្រជាជនប៉ុណ្ណាះទេ តែថែមទាំងរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគផងដែរ»។
លោកឯកអគ្គរាជទូត បានសម្តែងនូវការរីករាយ ដោយឃើញមានការវិវត្ត ក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន ហើយគ្រប់ពេលទាំងអស់ សម្តេចតែងមានប្រសាសន៍ពន្យល់ពីស្ថានភាព និងលក្ខខណ្ឌអនុគ្រោះ ក្នុងការវិនិយោគនៅកម្ពុជា ដល់ធុរជនជប៉ុន។
បើតាមប្រការប្រកាសព័ត៌មានដដែលបានដកស្រង់សម្តីលោក MIKAMI Masahiro យ៉ាងដូច្នេះថា «ប្រសាសន៍របស់សម្តេចតេជោ បានជំរុញឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើន ចង់មកវិនិយោគនៅកម្ពុជា»។
ទន្ទឹមនេះ ជប៉ុនក៏អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រគំនិតផ្តួចផ្តើម Free and Open Indo-pacific របស់ជប៉ុន និងការគាំទ្រនៅក្នុងវេទិកាអន្តរជាតិ ផ្សេងៗទៀតផងដែរ។ ក្រៅពីនេះ លោកឯកអគ្គរាជទូត ក៏បានកត់សម្គាល់ឃើញពីកំណើនរបស់ប្រជាជនកម្ពុជា អញ្ជើញទៅប្រទេសជប៉ុនផងដែរ៕