(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះកិត្តិយស និងជីវភាពរបស់កងទ័ព តាមរយៈការដំឡើងប្រាក់បៀវត្ស និងផ្តល់គោលនយោបាយ និងសេវាផ្សេងជាច្រើនទៀត រួមមានបេឡាជាតិសន្តិសុខសង្គម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ការយកចិត្តទុកដាក់នេះ មិនមែនធ្វើតែពេលបំពេញភារកិច្ចនោះទេ គឺធ្វើគ្រប់ដំណាក់កាលទាំងអស់ គឺពេលកំពុងបំពេញភារកិច្ច និងក្រោយពេលបំពេញភារកិច្ច គឺយើងបន្តជួយតាមយន្តការ សមាគមអតីតយុទ្ធជន។ នេះគឺជាយន្តការរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ចំពោះកងទ័ព និងអតីតយុទ្ធជន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិន ត្រូវចូលនិវត្តន៍ឆ្នាំ២០១៩ របស់យោធភូមិភាគទី៥ និងកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការជួបជុំ និងការបំពាក់ឋានន្តរស័ក្តិជូនយោធិន ដែលត្រូវចូលនិវត្តន៍នាពេលនេះ គឺក្នុងគោលបំណងថ្លែងអំណរគុណចំពោះគុណូបការៈស្នាដៃ និងការខិតខំរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបំពេញភារកិច្ច ជូនជាតិមាតុភូមិ ក្នុងរយៈពេលកន្លងមក ជាពិសេសស្ថិតនៅក្នុងដំណាក់កាល ដែលលំបាក ក្នុងការរំដោះជាតិ ការទប់ស្កាត់នៃការវិលត្រឡប់របបប្រល័យ ពូជសាសន៍ និងការថែរក្សាសុខសន្តិភាព និងការចូលរួមការសម្រេច បានយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ហើយធ្វើឲ្យយើងមាន សុខសន្តិភាពដូចសព្វថ្ងៃនេះ។

មេបញ្ជាការកងទ័ពជើងគោក ក៏បានបញ្ជាក់ផងដែរថា បើគ្មានការចូលរួមពីអ៊ំពូមីង និងកងកម្លាំងគ្រប់និន្នាការនយោបាយចូលរួមទេ យើងក៏មិនអាចមានសុខសន្តិភាពដូចសព្វថ្ងៃនេះទេ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការបំពាក់ឋានន្តរសក្តិជូនដល់អ៊ំពូមីង គឺជាលើកទី២ហើយ ដែលនេះគឺជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពកម្ពុជា។ ការបំពាក់លើកទីមួយ គឺបំពាក់ជូនអ៊ំពូមីង ដែលចូលបម្រើ កងទ័ពឆ្នាំ១៩៧៩ចុះ ហើយលើកនេះ គឺការបំពាក់អ៊ំពូមីង ដែលចូលនិវត្តន៍ ដែលនេះ គឺជាករណីពិសេស ដែលយើងបំពាក់ឋានន្តរស័ក្កិ ជូនអ៊ំពូមីងមុនចូលនិវត្តន៍វត្ត។ គោលនយោបាយ នៃការលើកទឹកចិត្តនេះ គឺធ្វើសម្រាប់នេះ នាយទាហានដែលបានបំពេញភារកិច្ច ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាក។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមពូមីងបន្តការជឿទុកចិត្ត ចំពោះការយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាល ដែលមិនបោះបង់ចោលយោធិន ដែលកំពុងភារកិច្ច នឹងចូលនិវត្តន៍នោះទេ គឺរាជរដ្ឋាភិបាល បានផ្ដល់នូវគោលនយោបាយច្រើនណាស់ តាមយន្តការក្រសួងការពារជាតិផង យន្តការសមាគមអតីតយុទ្ធជនផង។ រាជរដ្ឋាភិបាលនៅតែដឹងគុណ និងផ្ដល់តម្លៃដូចគ្នា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ដទៀតថា យើងមានគោលការណ៍ជ្រើសរើស នាយទាហាន ពលទាហាន បន្ថែមដើម្បីបំពេញចំនួនទ័ព ទៅតាមបណ្តាអង្គភាពក្របខណ្ឌកងទ័ពជើងគោក យើងអាចផ្តល់អទិភាពជូន សាច់ញាតិបង្កើត របស់អតីតយុទ្ធជន។

«យើងខិតខំរកនិតិវិធី និងតម្លាភាព ដើម្បីផ្ដល់ឱកាសកូនចៅរបស់អតីតយុទ្ធជន ហើយគោលការណ៍ នៃការជ្រើសរើសពលទាហាន នាយទាហាន មិនមានគោលការណ៍យកប្រាក់នោះទេ ព្រោះយើងមិនធ្វើឲ្យមានយន្តការ តម្លាភាព ប៉ុន្តែត្រូវការលក្ខខណ្ឌសុខភាពល្អ និងមិនប្រើប្រាស់គ្រឿងញៀន។ នេះគឺជាការផ្ដល់ឱកាសកាស និងទឹកចិត្តដល់កូនចៅអ៊ំពូមីង និងជាការលើកទឹកចិត្ត ចំពោះអតីតយុទ្ធជន»។ នេះជាការបញ្ជាក់បន្ថែម របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា អ៊ំពូមីងគឺជាអតីតយុទ្ធជន សូមបន្តការជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមផ្សព្វផ្សាយ ចែករំលែកការលំបាក បទពិសោធន៍ និងណែនាំឲ្យយុវជនជំនាន់ក្រោយ កាន់តែយល់ច្បាស់នៅក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពព្រោះថា អ្នកដែលមានជីវិតមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែមានសំណាង ដែលមានឱកាសនៅមើលមុខកូនចៅ។ កងទ័ពរបស់យើង បានបញ្ចប់សង្គ្រាមផ្ទៃក្នុង ហើយយើងរួបរួមគ្នាកសាងប្រទេស ការពារជាតិបូរណភាពទឹកដី ការពារសុខសន្តិភាព៕