(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី រួមទាំងលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកអូររាំងឪ សហភាពសហព័ន្ធយុវជន និងកីឡាខេត្តត្បូងឃ្មុំ រួមទាំងលោកតា លោកយាយ និងប្រជាពលរដ្ឋចំណុះជើងវត្ត នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចូលរួមដាក់បិណ្ឌ រាប់បាត្រវេនទី១១ នៅវត្តសេត្ថហតី (ហៅវត្តដំរិល) ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមទាំងមន្ត្រីរាជការ សហភាពសហព័ន្ធយុវជន និងកីឡាខេត្តត្បូងឃ្មុំ បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀល ទៅប្រគេនជូនវត្តដំរិល សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋចំនួនប្រមាណ៣០០នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល ក៏ដូចជាចែកនំដល់កុមារា កុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

ជាមួយនឹងការធ្វើបុណ្យចែកទាន នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ក្រោយទទួលដំណឹងថា មានចាស់ជរាពិការ មិនមានរទេះរុញ ឆ្លៀតក្នុងបិណ្ឌវេនទី១១នេះ ក៏បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត មានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ព្រមទាំងរទេះរុញចំនួន៤គ្រឿង ផ្តល់ជូនចាស់ជរាពិការចំនួន៤នាក់ មានលំនៅដ្ឋាននៅទីនោះ ដែលជាការខ្វល់ខ្វាយយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ ដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តទាំងមូលផងដែរ៕