(ភ្នំពេញ)៖ នៅក្នុងសន្ទរកថាថ្លែងទៅកាន់ កិច្ចប្រជុំកម្រិតប្រធានសភាអាស៉ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងពីតួនាទីដ៏សកម្មរបស់រដ្ឋសភាកម្ពុជា នៅក្នុងវិស័យការទូតសភា។

សម្តេចបានគូសបញ្ជាក់ថា តួនាទីសភាកម្ពុជានៅលើវេទិកាអន្តរជាតិ និងការចូលរួមកសាងសុខសន្តិភាពជាមួយពិភពលោកវិញ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរសភាជាច្រើន រួមមានវេទិកាអន្តរសភាអាស៊ាន សភាតំបន់អាស៉ី វេទិកាសភានៃប្រទេសនិយាយភាសាបារាំង និងវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ជាដើម។

សកម្មភាពទំាងនេះ បានឆ្លុះបញ្ចាំងពីតួនាទីការទូតសភា និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ដោយបានដាក់ចេញនូវសេចក្តីសម្រេច និងសេចក្តីប្រកាសសំខាន់ៗ ផ្តោតលើដំណោះស្រាយបញ្ហា ដែលផ្តល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ទប់ស្កាត់នូវការរីករាលដាល នៃការប្រតិបត្តិការការពារនិយម ដែលជាចលកររារាំងដល់ពាណិជ្ជកម្ម វិនិយោគសកល និងកំណើនប្រកបដោយបរិយាប័ន្ន។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៉ី-អឺរ៉ុបលើកទី៤ ប្រារព្ធឡើងក្រោមមូលបទ «ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់ តំបន់យូរ៉ាស៊ា៖ កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ»។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់អាស៉ី និងអឺរ៉ុប ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។

នៅក្នុងសន្ទរកថាដដែល សម្តេច ហេង សំរិន បានបន្ថែមថា ឆ្នាំ២០២០ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប និងកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប ដែលមានសមាជិកជាង ៥០ប្រទេស។ វេទិកានេះនឹងផ្តល់ឱកាសដ៏ល្អ ដល់សមាជិកទាំងអស់ ក្នុងការពិភាក្សាលើបញ្ហាប្រឈមជាសកល និងស្វែងរកដំណោះស្រាយរួម ព្រមទាំងពង្រឹងភាពជាដៃគូ ដើម្បីឈានទៅសម្រេចបាននូវភាពកាន់តែប្រសើរ និងវិបុលភាព សម្រាប់ប្រទេសជាសមាជិក និងពិភពលោក។

កម្ពុជាបានចាប់យកការផ្លាស់ប្តូរ និងបន្តកែទម្រង់របស់ខ្លួនដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ កំណែទម្រង់ស៉ីជម្រៅខាងក្នុង និងបង្កើនមិត្តខាងក្រៅ គឺជាគោលនយោបាយជាយុទ្ធសាស្រ្តជាតិ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគាំទ្រគំនិតក្នុងការរួមបញ្ចូលគ្នារវាងអឺរ៉ាស៊ា-អេកូណូមីក និងសហគមន៍អឺរ៉ុប ហើយធ្វើការបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយអាស៊ាន និងការធ្វើសុខុដុមនីយកម្ម ជាមួយគំនិតផ្តួចផ្តើមនយោបាយចិន ខ្សែក្រវាត់ និងផ្លូវ។ សម្តេចគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយ បណ្តាប្រទេសសមាជិកទាំងអស់ ដែលមានវត្តមាននៅទីនេះ ក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ និងបរិស្ថាន ដើម្បីឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នាឆ្នាំ២០៣០។

សម្តេចបានសង្កត់ធ្ងន់ថា បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០មក កម្ពុជាសម្រេចបាននូវសមិទ្ធផល ដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍជាតិ ដោយទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានកិត្យានុភាពលើឆាកអន្តរជាតិ។ កម្ពុជាបានអភិវឌ្ឍន៍ខ្លួន ពីប្រទេសក្រីក្រ មកជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងឈានទៅក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាធ្លាប់ជាប្រទេស ដែលទទួលកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ឥឡូវក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមចំណែក រក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលរហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនទាហានជាង ៦ពាន់នាក់ ទៅកាន់តំបន់ជំលោះផ្សេងៗជុំវិញពិភពលោក។

សូមជម្រាបដែរថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៉ី-អឺរ៉ុប ផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៉ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ដែលជាវេទិកាអន្តរសភា ដ៏មានសារៈសំខាន់សម្រាប់ការពិភាក្សា លើប្រធានបទនៃកិច្ចសហប្រតិបត្តិការ រវាងតំណាងប្រជាពលរដ្ឋ ក្នុងតំបន់អាស៉ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គមនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទំាងមូល។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី១ បានប្រារព្ធធ្វើនៅប្រទេសរុស្ស៉ីក្នុងឆ្នាំ២០១៦, លើកទី២ ធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើនៅប្រទេសទួរគី ក្នុងឆ្នាំ២០១៨៕