(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញចែកអំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ចំនួន៤៧៦គ្រួសារ ដែលមកពីឃុំបារាយណ៍ ឃុំឬស្សីស្រុក ឃុំព្រែកពោធិ៍ និងឃុំមានជ័យ នៅស្រុកសន្ធរ ខេត្តកំពង់ចាម។
អំណោយរបស់កាកបាទក្រហម រួមជាមួយនិងអំណោយ របស់កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង៤៧៦គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង និងថវិកា២ម៉ឺនរៀល។
ឆ្លៀតឱកាសនោះ ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បានចូលរួមជាមួយពុទ្ធបរិស័ទ កាន់បិណ្ឌទី១១ នៅវត្តប្រាសាទវដ្តី ហើយបានចូលរួមបច្ច័យកសាង ចំនួន២លានរៀល និងអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១១ នៅវត្ត កោះកែវ ឃុំព្រែកដំបូក នាំយកបច្ច័យមួយចំនួន៥លានរៀល វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាផងដែរ៕