(ចិន)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជាឲ្យដឹងថា ធនាគារជាតិនៅតែបន្ដរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តិការល្អ ជាមួយសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៃ តំបន់ទាំង២ឱ្យបានរឹងមាំ។
ការឲ្យដឹងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា ចូលរួមក្នុងវេទិកាកំពូលចិន-អាស៊ានលើកទី១១ស្តីពី «កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ» និងវេទិកាអន្តរជាតិស្តីពី «ការធ្វើអន្តរជាតូបនីយកម្មប្រាក់យ៉ន់ និងការប្រើប្រាស់រូបិយវត្ថុ របស់ប្រទេសជាសមាជិក សម្រាប់ការទូទាត់» នៅទីក្រុងណាននីង ប្រទេសចិន។
សន្និសីទទាំងពីរធ្វើឡើង ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ានលើកទី១៦ នៅទីក្រុងណាននីង ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានក្នុងវិស័យហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, ការវិនិយោគ, ពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចនានានៃតំបន់ទាំងពីរ។
លោក ជា ចាន់តូ ត្រូវបានអញ្ជើញឱ្យធ្វើសុន្ទរកថា ក្នុងវេទិកាទាំងពីរខាងលើ ដោយក្នុងនោះលោក បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើននៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការទាំងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលកន្លងមក ពាក់ព័ន្ធនឹងវិស័យធនាគារ ដែលមានភាពបើកទូលាយ និងមានសមាហរណកម្មនៅក្នុងតំបន់ ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ាន+៣។
លោក ជា ចាន់តូ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ និងបានពង្រឹងសមាហរណកម្ម ជាមួយប្រទេសចិន និងសមាជិកអាស៊ាន។ ជាក់ស្ដែងកាលពីឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានអនុញ្ញាតឱ្យប្រាក់រៀលធ្វើការជួញដូរ នៅទីផ្សារអន្តរធនាគារនៃខេត្ត Guangxi Zhou ហើយប្រាក់រៀល និងប្រាក់យ៉ន់ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់ទូទាត់ពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងកម្ពុជា។
លោកបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមធ្យោបាយទូទាត់ប្រាក់យ័នមានតាមរយៈ៖ Alipay, WeChat Pay ជាដើមហើយក៏ត្រូវបានប្រើប្រាស់ ដើម្បីសម្រួលការទូទាត់របស់ភ្ញៀវទេសចរ។ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានកម្ពុជា ក៏បានពង្រឹងការតភ្ជាប់ការទូទាត់ ជាមួយសមាជិកអាស៊ាន ជាពិសេសការទូទាត់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី តាមរយៈប្រព័ន្ធធនាគារ និងការប្រើប្រាស់ QR Code។
ក្នុងនោះលោក ជា ចាន់តូ ក៏បានត្រូវបានអញ្ជើញជាកិត្តិយស ក្នុងការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសចិន និងសមាជិកអាស៊ានផងដែរ៕