(ស្វាយរៀង)៖ យ៉ាងហោចណាស់មានមនុស្ស ៦នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលបាញ់កាំជ្រួច ដើម្បីបូជាសពខុសបច្ចេកទេស ផ្ទុះឆេះត្រូវមនុស្សបង្កឲ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង០៦៖៤០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះ របស់ឈ្មោះ ទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានពិធីបូជាសពនៅផ្ទះឈ្មោះ ទេព សុង ភេទស្រី រស់នៅភូមិឃុំ ខាងលើ ហើយនៅពិធីបូជាសពនេះ ក៏មានដាក់ម៉េន និងដុតកាំជ្រួច ខណៈដែលកំពុងតែបូជាសពនោះ ក៏ដុតកាំជ្រួចឡើងស្រាប់តែដួលកាណុងជ័របាញ់កាំជ្រួច បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ស្រាល៖
* ទី១៖ ឈ្មោះ សារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
* ទី២៖ ឈ្មោះ ឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ
* ទី៣៖ ឈ្មោះ សុរ៉ាវី ភេទប្រុស
* ទី៤៖ ឈ្មោះ មិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ
* ទី៥៖ ឈ្មោះ គង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ
* ទី៦៖ ឈ្មោះ ប៉ែង គួ ភេទប្រុស។ អ្នកទាំង៥នាក់ រស់នៅភូមិ ត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុមកពីម្ចាស់ដុតកាំជ្រួច ជីកដីដាក់បង្គោលរាក់ បណ្តាលឲ្យដួល និងបែកកាណុងជ័រផ្ទុះតែម្តង៕