(កំពង់ចាម)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌតាមប្រពៃណីសាសនា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១១ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងភរិយា រួមទាំងញាតិមិត្តក្រុមគ្រួសារទាំងអស់ បានមូលមតិគ្នាជាឯកច្ឆន្ទ នាំយកនូវចង្ហាន់ គ្រឿងឧបភោគបរិភោគ នំចំណី ភេសជ្ជៈគ្រប់សារពើ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តអារាមចំនួនពីរ គឺវត្តបុទុមកេស្ស ហៅវត្តពាម និងវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
*វត្តបុទុមកេស្ស ហៅវត្តពាម
នៅលើសាលាធម្មសភា នៃវត្តបុទុមកេស្ស ហៅវត្តពាមលោក សេង ទៀង និងលោកស្រី ញាតិមិត្តក្រុមគ្រូសារទាំងអស់ រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានបូជាទានធូប ផ្កាភ្ញីចំពោះព្រះពុទ្ធរូប ថ្វាបង្គុំព្រះសង្ឃ សមាទានសិល៍ នមសិកាព្រះរតនត្រ័យ ក្រោមកិច្ចដឹកនាំរបស់ព្រះគ្រូចៅអធិការវត្ត។ ពិធីបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមបែបប្រពៃណីសាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោង ដល់ថ្ងៃ១៥រោងខែភទ្របទ។
ពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌ គឺជាសក្ខីភាពបង្ហាញអំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូប ចំពោះឧបការគុណរបស់បុព្វការីជន ដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសល ជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ដើម្បីឲ្យវិញ្ញាណក្ខន្ធ លោកអ្នកមានគុណ មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ កាន់លោកខាងមុខហើយនោះ សូមមកទទួលនូវម្នុញផល ដែលកូនចៅឧទ្ទិសជូន ដើម្បីបានទៅចាប់បដិសន្ធិក្នុងឋាន ដ៏មានសិរីសួរស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ និងម្យ៉ាងវិញទៀត តាមរយៈការមានជំនឿចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្រោមម្លប់ព្រះបារមីដ៏ត្រជាក់ នៃអង្គព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ បានចូលរួមសាមគ្គីគ្នាកសាង នូវសមិទ្ធផលជាច្រើនអនេក បម្រើឲ្យការរីកចម្រើន និងគង់វង់នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្រៅពីចង្ហាន់គ្រឿងឧបភោគ បរិភោគ នំ ចំណី និងភេសជ្ជៈគ្រប់មុខ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា លោក សេង ទៀង និងលោកស្រី បាននាំយកនូវបច្ច័យកើតចេញពីទឹកចិត្តជ្រះថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទឹកប្រាក់ចំនួនជាង ១៧លានរៀល ប្រគេនព្រះគ្រូចៅអធិការ ដើម្បីតម្កល់កសាងសមិទ្ធផលក្នុងទីអារាម វត្តបុទុមកេស្ស និងប្រគេនព្រះសង្ឃក្នុង ១អង្គ៥ម៉ឺនរៀល។
សូមបញ្ជាក់ថា ដោយមានការបិណ្ឌបាត្រពីសំណាក់ព្រះសង្ឃវត្តបុទុមកេស្ស ក្នុងការជួយសំរួលដល់ការលំបាករបស់សាមណសិស្ស ក្នុងសាលាពុទ្ធិកសិក្សា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យ ២១លាន៦សែនរៀល និងអង្ករ១តោន ដើម្បីជួយដល់ការសិក្សារៀនសូត្រ របស់សាមណសិស្សក្នុង១ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ២០១៧ និងបន្តឧបត្ថម្ភជារៀងរាល់ឆ្នាំ។
*វត្តតុសិតារាម ហៅវត្តព្រែកសង្កែ
លោក សេង ទៀង និងលោកស្រី និងពុទ្ធបរិស័ទទាំងអស់ បានធ្វើកិច្ចតាមគន្លងប្រពៃណីសាសនា។ តាមរយៈផល្លាអនិសង្ឃកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា នៅក្នុងថ្ងៃកាន់បិណ្ឌវេនទី១១នេះ ព្រះគ្រូចៅអធិការ ក៏ដូចជាព្រះថេរានុថេរៈគ្រប់អង្គ ក្នុងទីអារាមវត្តតុសិតារាម និងវត្តបុទុមកេស្ស បានលើកឧទ្ទិសដល់វត្ថុសក្តិសិទ្ធ ទេវតាថែរក្សាក្នុងលោក ពិសេសបារមីវត្ថុសក្តិសិទ្ធវត្តតុសិតារាម និងវត្តបុទុមកេស្ស ដែលជាស្រុកកំណើតផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមតាមជួយបីបាច់ថែរក្សាការពារ អ្នកឧកញ៉ាមហាភក្តីសិប្បុរិសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក ដែលជាមាតាបិតាបង្កើត សម្តេចតេជោ ហ៊ុន សែន ដែលបានលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធលោកអ្នកមានគុណទាំងពីរ ក៏ដូចជាបុព្វការីជនញាតិការទាំងប្រាំពីសណ្ឋាន សូមយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយ ចាប់ពីពេលនេះតរៀងទៅ។
តាមរយៈអំណាចផល្លាអនិសង្ឃ ក្នុងថ្ងៃកាន់បិណ្ឌវេនទី១១នេះដែរ ព្រះគ្រូចៅអធិការក៏ដូចជាព្រះថេរានុថេរទាំងអស់ បានលើកឧទ្ទិសដល់វត្ថុសក្តិសិទ្ធទេវតាក្នុងលោក សូមតាមជួយបីបាច់ថែរក្សាការពារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមបន្តស្ថិតនៅជាអ្នកដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឲ្យកាន់តែទទួលបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស កាន់តែទទួលបាននូវភាពសុខដុមរមនា និងការរីកចម្រើនគ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសសូមបវៀសជៀសឆ្ងាយ ពីគ្រោះមហន្តរាយផងទាំងពួង ចាប់តាំងពីពេលនេះតរៀងទៅ។
ជាមួយគ្នានេះ តាមរយៈពិធីបុណ្យ កាន់បិណ្ឌវេនទី១១នេះដែរ លោក សេង ទៀង និងលោកស្រី ប្រគេនបច្ច័យជាង ១៨លានរៀល និងប្រគេនបច្ច័យព្រះ សង្ឃចំនួន៤៨អង្គ ក្នុង១អង្គៗបច្ច័យ៥ម៉ឺនរៀល រួមទាំងប្រគេននូវទ័យទាន និងសម្ភារ ជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនទៀត និងបានប្រគេនថវិកាដល់ ព្រះសង្ឍវត្តទួលរកា បច្ច័យ៥លានរៀល។
ទីអារាមនៃវត្តទាំងពីរនេះ ស្ថិតនៅភូមិកំណើតផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយជារៀងរាល់ឆ្នាំ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែបញ្ជាឲ្យលោក សេង ទៀង និងលោកស្រី នាំយកនូវចង្ហាន់ គ្រឿងឧបភោគ បរិភោគ នំចំណី ភេសជ្ជៈគ្រប់សារពើ និងបច្ច័យ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តអារាមចំនួនពីរ ដើម្បីរំលឹកដឹងគុណដល់បុព្វការីជន មានមាតាបិតា ញាតិការទាំងប្រាំពីរសណ្តាន របស់សម្តេចទាំងទ្វេ ដែលបានចែកឋាន ទៅកាន់លោកខាងមុខហើយនោះ។
សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈលោក សេង ទៀង ប្រគេនបច្ច័យកសាងបង្ហើយសាលាធម្មសភា ថវិកាចំនួន ២ម៉ឺន ៦ពាន់ដុល្លាអាមេរិក ក្នុងការកសាងបង្ហើយសាលាធម្មសភាវត្ត តុសិតារាម ហៅព្រែកសង្កែនេះផងដែរ៕