(ភ្នំពេញ)៖ ក្រោមកិច្ចសហការកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការិយាល័យទំនាក់ទំនងព្រំដែន BLO នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក អ៊ីហ្គរ កុងដ្រាតយ៉េវ (Igor Kondratyev) តំណាងអង្គការ UNODC ទទួលបន្ទុកសម្របសម្រួលកិច្ចការ ការិយាល័យទំនាក់ទំនងព្រំដែន BLO។
ក្នុងនោះ ក៏មានការចូលរួមពីអភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត និងស្នងការរងជាអនុប្រធាន លេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តជាប់ព្រំដែនចំនួន១១ ដែលទទួលបន្ទុកការងារការិយាល័យទំនាក់ទំនងព្រំដែន BLO ទាំង១៤កន្លែង និងតំណាងគយ និងរដ្ឋាករផងដែរ។
លោកឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងដោយផ្តោតលើសារសំខាន់ នៃការិយាល័យទំនាក់ទំនងព្រំដែន BLO ដែលទទួលបានការការវាយតម្លៃខ្ពស់ ពីថ្នាក់ដឹកនាំទាំងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជារាជរដ្ឋាភិបាល ដែលបានឆ្លុះបញ្ចាំងតាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលតួនាទី និងភារកិច្ច របស់ការិយាល័យ BLO ដែលកំពុងដើរតួរយ៉ាងសំខាន់ ជួយជំរុញឲ្យការអនុវត្តផែនការភូមិ-ឃុំ សង្កាត់ស គ្មានគ្រឿងញៀន នៅតាមតំបន់ព្រំដែនដែលជាគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលបានជោគជ័យ។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានថ្លែងពីសភាពការណ៍គ្រឿងញៀនប្រទេស ក្នុងតំបន់ពិសេសប្រទេសជិតខាង មានវៀតណាម ថៃ ឡាវ ក៏ទទួលបានអត្ថប្រយោជន៍ ពីការិយាល័យ BLO ដូចកម្ពុជាដែរ។
យោងតាមសារៈប្រយោជន៍នេះ លោកឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានផ្តាំផ្ញើនិងសំណូមពរ ដល់ប្រធានការិយាល័យ BLO ទាំងអស់ឲ្យយកចិត្តទុកដាក់ ធ្វើការពិនិត្យពិភាក្សាលើកយកបញ្ហាប្រឈម ចំណុចខ្វះខាត និងបញ្ហាសំខាន់ៗនានា សំដៅបង្កើនប្រសិទ្ធភាពការងារ ដែលត្រូវអនុវត្តនៅពេលខាងមុខ។
ក្នុងពិធីនោះដែរ ក៏មានចុះហត្ថលេខាប្រគល់-ទទួលសម្ភាររបស់ UNODC ជូនអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការបែងចែកទៅតាមការិយាល័យ BLO នៅពេលវេលាសមស្របខាងមុខ៕