(ភ្នំពេញ)៖ ស្របពេលពិធីបុណ្យភ្ជុំបិណ្ឌ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានមានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យតូចធំ និងការអភិវឌ្ឍប្រទេសទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិ មានសុខ សន្ដិភាពពេញលេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្ដីសប្បាយរីករាយ នៅពេលបានឃើញបងប្អូនជនរួមជាតិ មានឱកាសបានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យភ្ជុំជាមួយគ្នានៅទូទាំងប្រទេស។ សម្ដេចក៏បាន ជនរួមជាតិ និងកូនក្មួយ ជាពិសេសកម្មករ កម្មការនី ធ្វើដំណើរទៅផ្ទះជួបជុំក្រុមគ្រួសារ មានសុខសុវត្ថិភាពតាមផ្លូវ។ បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏មិនភ្លេចនូវការផ្ដាំផ្ញើដល់អ្នក បើកបរទាំងអស់ ត្រូវតែបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ថ្ងៃទី២៤ កញ្ញានេះគឺបិណ្ឌទី១១ ហើយ នៅតែ ៤ថ្ងៃទៀត គឺបុណ្យភ្ជុំបិណ្ឌធំនឹងមកដល់ ដែលត្រូវចំថ្ងៃសៅរ៍ទី២៨។
ខ្ញុំរីករាយណាស់ ដែលបានឃើញបងប្អូនជនរួមជាតិ និងកូនក្មួយមានឱកាសបានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យភ្ជុំជាមួយគ្នានៅទូទាំងប្រទេស ដោយក្តីសប្បាយរីករាយ។ ការប្រារព្ធធ្វើពិធីបុណ្យតូចធំ និងការអភិវឌ្ឍន៍ប្រទេសជាតិទៅបាន គឺអាស្រ័យដោយសារប្រទេសយើង មានសុខសន្តិភាពពេញលេញ។ ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សា និងការពារសន្តិភាពមកដល់សព្វថ្ងៃ។
សូមបងប្អូនជនរួមជាតិ និងកូនក្មួយ ជាពិសេសក្មួយៗកម្មករកម្មការនីធ្វើដំណើរទៅផ្ទះជួបជុំក្រុមគ្រួសារមានសុខសុវត្ថិភាពតាមផ្លូវ។ សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់ អធ្យាស្រ័យ និងគោរពច្បាប់ទាំងអស់គ្នា។ ខ្ញុំសូមជូនពរដល់ប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»៕