(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល លោក-លោកស្រី មន្ត្រីរាជការ បានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំ ចង្ហាន់បិណ្ឌបាតយកមកប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តពោធិវង្សរវាងលិច ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំបានប្រារព្ធពិធីតាមប្រពៃណី ទំនៀមទម្លាប់ជំនឿសាសនា ជាលំដាប់លំដោយ និងបានឧទ្ទិសកុសលផលបុណ្យជូន ដល់ដួងវិញ្ញាណក្ខន្ធ ឧបការីជន ជីដូន ជីតា ញាតិទាំង៧សន្តាន ដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជន សូមឲ្យបានទៅកាន់ក្នុងសុគតិភពតរៀងទៅ។
បន្ទាប់ពីពិធីរាប់បាត្រវេរប្រគេន បច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន រួចមក លោករដ្ឋមន្រ្តីបានសំណេះសំណាល ជាមួយឧបាសក ឧបាសិកា បងប្អូនពុទ្ធបរិស័ទដោយបាន
ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី សម្តេចវិបុលសេនាភក្តី ដែលសម្តេចទាំង៤ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាព របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយស្ថិតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទនៅទូទាំងប្រទេសឲ្យជួបតែពុទ្ធពរទាំង៤ប្រការ។
បន្ទាប់មកលោកបានសួរនាំអំពីសុខទុក្ខ បញ្ហាជីវភាព ការងារស្រែចំការ ការជួបជុំ និងសុភមង្គលក្នុងគ្រួសារជាដើម។
លោកបញ្ជាក់ជូនពុទ្ធបរិស័ទជ្រាបថា ក្នុងខណ:ដែលប្រទេសជាតិ គ្របដណ្តប់ដោយម្លប់សុខសន្តិភាព សេរីភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បងប្អូនសាសនិកជនទូទាំងប្រទេស កំពុងរួតរះម្នីម្នាត្រៀមរៀបចំធ្វើដំណើរ ទៅកាន់ស្រុកកំណើត និងខ្លះទៀតទៅកាន់ទីវត្តអារាមរៀងៗខ្លួន ប្រកបដោយបីតិសោមនស្សយ៉ាងក្រៃលែង ដើម្បីចូលរួមពិធីកាន់បិណ្ឌ និងឆ្លងបុណ្យភ្ជុំបិណ្ឌតាមបែប ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាបានគោរពប្រណិប័តន៍ជាយូរមកហើយ។
ក្នុងនាមពុទ្ធសាសនិកជនលោករដ្ឋមន្រ្តី បានជូនពរឲ្យបងប្អូនពុទ្ធបរិស័ទនៅទូទាំងស្រុកជើងព្រៃ និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយគ្រប់ៗ គ្នាឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ឈ្នះអស់មារសត្រូវ រោគាព្យាធិ ចម្រុងចម្រើនតរៀងទៅ និងជាពិសេសធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ឲ្យប្រកបតែសុខសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ និងសូមប្រកាន់យកនូវធម៌ទាំង៤គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។
លោកបានថ្លែងអំណរគុណជូនចំពោះ សមាជិក សមាជិការក្រុមការ ងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋានបងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលបានសហការរៀបចំ ពិធីកាន់បិណ្ឌនាថ្ងៃនេះបានល្អប្រសើរ បរិបូណ៍សមរម្យ និងសូមទទួលយកនូវពរសព្វសាធុការផល្លា និសង្ឃផលបុណ្យតាមសទ្ធារៀងៗខ្លួន៕