(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃបិណ្ឌទី១១ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីក្រោម ឱវាទ អាជ្ញាធរដែនដី បានអញ្ជើញទៅបោះបាយបិណ្ឌ និងបង្សុកូលរាប់បាត្រ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ។

ទិដ្ឋភាពបែបនេះ មិនថាតែវត្តសំរោងអណ្តែតនោះទេ គឺបណ្តាវត្តនៅទូទាំងប្រទេស ប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនាក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ តែងបាននាំគ្នារៀបចំជាបាយបិណ្ឌ ឬហៅថា បាយពុំនូតយកមកបោះនៅលើដីតាមទីអារាមនានាទៅតាមជំជឿពីដូនតាយល់ថា ជាការបញ្ជូនអាហារឲ្យទៅដល់ញាតិការទាំង ៧សណ្តាន មានជីដូន ជីតា ឪពុកម្តាយបងប្អូន កូនចៅ ជាដើមដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ ហើយក្រែងភ្លាំងភ្លាត់ដោយប្រការណាមួយធ្លាក់ខ្លួនជា ជាប្រេត ហើយត្រូវបានយមបាល យមរាជដោះលែងឲ្យមករកបងប្អូន កូនចៅ សាច់សារលោហិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌក្នុងរយៈពេល ១៥ថ្ងៃនេះ ដើម្បីឲ្យពួកគាត់បានទទួលចំណីអាហារដែលកូនចៅឧទ្ទិសជូនតាមរយៈការបោះបាយបិណ្ឌនេះ។

លោកអភិបាល និងលោកស្រី បានអញ្ជើញចូលរួមស្ដាប់ព្រះសង្ឃស្វាធ្យាយ ជយន្តោ និងសូត្របរាភវះសូត្រទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា «តាមការកត់សំគាល់ជាទូទៅបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ តាមទីវត្តអារាមនានាមានស្ថានភាពល្អប្រសើរ ប្រជាពលរដ្ឋអញ្ជើញទៅ ធ្វើបុណ្យទាន ដោយទឹកចិត្តជ្រះថ្លា និងរីករាយ»

លោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីសង្កាត់-ខណ្ឌ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមវត្ត, តាមទីសាធារណៈ, ការសំរួលចរាចរ និងលើកកំពស់ការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យ។

លោកអភិបាលបានថ្លែងថា ក្នុងរយៈពេល ៣ថ្ងៃ នៃការឈប់សំរាកបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត គឺបងប្អូនផ្ញើផ្ទះសម្បែងជាមួយអាជ្ញាធររបស់យើង ជួយមើលផ្ទះឲ្យបងប្អូន ដូច្នេះកម្លាំងរបស់យើងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន៕