(ភ្នំពេញ)៖​ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី តុង ធី ហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភាវៀតណាម នៅប្រទេសកាហ្សាក់ស្ថាន នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤។

នៅក្នុងជំនួបនេះ លោកស្រី តុង ធី ហ្វុង បានជម្រាបសម្តេចថា ដោយពិនិត្យឃើញសៀវភៅនិយាយពីប្រវត្តិរបស់សម្តេច មានសារៈសំខាន់ និងខ្លឹមសារល្អ ភាគីវៀតណាម នឹងបកប្រែសៀវភៅនោះទៅជាភាសាវៀតណាម ទុកជាឯកសារសិក្សាស្វែងយល់ដល់យុវជនជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤១ និងកិច្ចប្រជុំសមាជិកសភាស្រ្តីនៃរដ្ឋសភាកម្ពុជា-វៀតណាម ដែលរដ្ឋសភាវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបភាគីវៀតណាមថា នឹងលៃលកពេលសមស្របតបតាមការអញ្ជើញនេះ តែសម្តេចបានលើកឡើងថា នៅក្នុងឆ្នាំ២០២០ខាងមុខនោះ សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ផងដែរ។ សម្តេចមានជំនឿយ៉ាងមុតមាំថា រដ្ឋសភាប្រទេសវៀតណាម នឹងដឹកនាំមហាសន្និបាតលើកទី៤១ អាយប៉ា ប្រកបដោយផ្លែផ្កា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋសភាទាំងពីរ នៅលើវេទិកាអន្តរសភានានា។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងការសាងសង់អគាររដ្ឋបាលកម្ពស់១២ជាន់ ដែលសំណង់អគារនេះ នឹងលេចជារូបរាងនាពេលខាងមុខនេះ៕