(ភ្នំពេញ)៖ ថ្ងៃទី២៤ កញ្ញានេះ កាលពី២៦ឆ្នាំមុន ព្រះបរមនរតកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ បានឡាយព្រះហស្ថខាឱ្យប្រើប្រាស់ជាផ្លូវការរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដែលជាគោលការណ៍គ្រឹះ ជាច្បាប់កំពូលរបស់រដ្ឋសម្រាប់គ្រប់គ្រងប្រទេស បន្ទាប់ពីត្រូវបានរៀបចំតាក់តែងឡើង ដោយសមាជិកសភាធម្មនុញ្ញ ដែលក្នុងនោះក៏មាន សម រង្ស៊ី ម្នាក់ដែរដែលជាសមាជិកសភាធម្មនុញ្ញមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានគាំទ្រយ៉ាងពេញទំហឹង។ ប៉ុន្តែ២៦ឆ្នាំក្រោយ គឺនៅពេលនេះ សម រង្ស៊ី ដដែលគឺជាមនុស្សម្នាក់ដែលបានរំលោភបំពានគោលការណ៍រដ្ឋធម្មនុញ្ញយ៉ាងកំរោល និងធ្ងន់ធ្ងរជាទីបំផុត ខណៈកម្ពុជាទាំងមូលបានខិតខំការពាររដ្ឋធម្មនុញ្ញ ឱ្យបានល្អ និងគោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញដោយមិនឱ្យមានការខុសឆ្គងឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសការពាររដ្ឋធម្មនុញ្ញ ការពារព្រះរាជបល្ល័ង្គ ការពារអង្គព្រះមហាក្សត្រ និងការពារច្បាប់ទាំងឡាយ ខណៈក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី បានប៉ុនប៉ងផ្លាស់ផ្លាស់ប្តូររបបដឹកនាំបច្ចុប្បន្នបែបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនិងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ក្រោយពីបរាជ័យយ៉ាងអាម៉ាសក្នុងការប្រកួតប្រជែងការបោះឆ្នោតមិនឈ្នះគណបក្សប្រជាជនកម្ពុជា មិនឈ្នះប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន ទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់មធ្យោបាយមិនស្មោះ ត្រង់ក្នុងការលើងកាន់អំណាចវិញម្តងដោយរួមគំនិតជាមួយ កឹម សុខា ឃុបឃិតជាមួយបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ហិង្សាផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់នោឆ្នាំ ២០១៣។ បដិវត្តន៍ពណ៌នេះ ត្រូវបានវាយកម្ទេច និងរំលាយអង្គការចាត់តាំងផ្នែកនយោបាយនៅខែវិច្ឆិកា ឆ្នាំ២០១៧។ ប៉ុន្តែគំនិតនៃការធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា ធ្វើភេរវកម្មប្រឆាំងនឹងជាតិខ្លួនឯង ដើម្បីបម្រើផលប្រយោជន៍បរទេស នៅតែស្ថិតក្នុងគំនិតនិងក្រអៅបេះដូងនៃក្រុមជនក្បត់ជាតិ ហើយម្តងហើយម្តងទៀត ពួកគេខិតខំក្នុងការបំផ្លាញច្បាប់កំពូលរបស់ជាតិ បំផ្លាញនិមិត្តរូបនៃជាតិខ្មែរ បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាបាននិងកំពុងទទួលបាន ផ្លែផ្លា និងមានសោមនស្សរីករាយនឹងផលនៃសន្តិភាពនេះ។

ខណៈរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលប្តូរផ្តាច់ការពាររដ្ឋធម្មនុញ្ញ ក្រុមជនក្បត់ជាតិដឹក នាំដោយ សម រង្ស៊ី មូរ សុខហួរ ជូឡុង សូមួរ៉ា អេង ឆៃអ៊ាង ហូរ វ៉ាន់ នុត រំដួល អ៊ូ ច័ន្ទរិទ្ធ ជាដើមបានបំពាន រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រុមជនក្បត់ជាតិ សម រង្ស៊ី បាន៖

១) ប្រមាថយ៉ាងធ្ងន់ធ្ងរព្រះចេស្តាអង្គព្រះមហាក្សត្រខ្មែរ ដែលរដ្ឋធម្មនុញ្ញបានចែងថាអង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
២) ប្រមាថព្រះមហាក្សត្រដែលជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ។
៣) ប៉ុនប៉ង ធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវនិង យុត្តិធម៌រៀបចំរៀងរាល់ ៥ ឆ្នាំម្តង ដែលជាគោលការណ៍នៃការអនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។
៤) ញុះញង់បំបែកបំបាក់ជាតិដោយព្យាយាមបង្កើតកងទ័ពដើម្បីបះបោរធ្វើរដ្ឋប្រហារប្រឆាំងនឹង កម្ពុជា។
៥) បំផ្លាញសាមគ្គីជាតិខ្មែរ ដោយញុះញង់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបះបោរប្រឆាំងរដ្ឋអំណាច
ស្របច្បាប់ និងប៉ងឡើងដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ។
៦) មិនគោរពរដ្ឋធម្មនុញ្ញនិងមិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។
៧) ប្រឆាំងនឹងផល ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាដោយអំពាវនាវឱ្យបរទេសដាក់សម្ពាធ និងទណ្ឌកម្មសព្វបែបយ៉ាងប្រឆាំងនឹងកម្ពុជា។
៨) ទាញកម្ពុជាចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយនៃមហាអំណាច និងយកអធិប
តេយ្យភាពជាតិខ្មែរដាក់ក្រោមបាតជើងបរទេសដើម្បីប្តូរនឹងអំណាច។
៩) បំផ្លាញឯករាជ្យជាតិកម្ពុជាដោ យឱនក្បាលបម្រើបរទេស។

ដើម្បីសម្រេចមហិច្ឆតាអំណាចចុងក្រោយរបស់ពួកគេ គឺផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាអ្នកការពារដ៏ខ្លាំងក្លានូវរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ សម រង្ស៊ី បានប្រើអស់គ្រប់កលល្បិចទាំងការញុះញង់ផង ទាំងការបំបែកបំបាក់ជាតិផង ទាំងប្រមាថព្រះចេស្តារព្រះ មហាក្សត្រផង និងទាំងដើរអង្វរលុតជង្គង់ឱ្យបរទេសចូលមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាផង ទាំង ការប្រើល្បិចយកពលរដ្ឋខ្មែរប្រឈមមុខនឹងរដ្ឋអំណាចផង ទាំងប្រើប្រាស់អ្នកស្ម័គ្រស្លាប់ជំនួសខ្លួនផង។ សម រង្ស៊ី មានឈាមជ័រជាជនជាតិខ្មែរ ប៉ុន្តែមានខួរក្បាលជាខ្ញុំបម្រើដាច់ថ្លៃរបស់បរទេស ហើយដើម្បីដោះស្រាយគំនុំគ្រួសារ និងបុគ្គលផ្ទាល់ខ្លួន សម រង្ស៊ី នឹងមិនញញើតបំផ្លាញខ្មែរឡើយ មិនញញើតនឹងយកឈាមរាស្ត្រមក ធ្វើជាកម្រាលព្រំឈានទៅរកការកាន់កាប់អំណាចឡើយ។

ប៉ុន្តែទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាមិន ជួយអ្នកបំផ្លាញជាតិដូចក្រុម សម រង្ស៊ី នេះឡើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងនឹងផែនការនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្សី ដោយបានគូសបញ្ជាក់ថា «ផែនការទាំងមូលនៃការប្រកាស វិលត្រឡប់របស់ទណ្ឌិត សម រង្សីនេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនានិងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ នឹងត្រូវផ្តន្ទាទោសក្រោម បទល្មើសឧបឃាត តាមមាត្រា ៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ»។ ការចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះ ត្រូវបានកំណត់ថាជាបទល្មើស រួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ។

អំពើក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ព្រះរាជបល្ល័ង្គ និងក្បត់ប្រជាពលរដ្ឋខ្មែររបស់ក្រុមមេរដ្ឋប្រហារ សម រង្ស៊ី មូរ សុខហួរ ជូឡុង សូមួរ៉ា អេង ឆៃអ៊ាង ហូរ វ៉ាន់ នុត រំដួល អ៊ូ ច័ន្ទរិទ្ធ និងអ្នករួមគំនិតក្បត់នឹងត្រូវបង់ថ្លៃដ៏ខ្ពស់បំផុតចំពោះមុខជាតិ និងប្រជាជនកម្ពុជា។ ទោះជាពេលនេះ ពួកគេអាចក្រឡុកសភាពការណ៍ កម្ពុជាតាមចិត្តពួកគេចង់ និងព្យាយាមបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរលើទង្វើក្បត់ជាតិ ក្បត់ព្រះមហាក្សត្រខ្មែរ ប្រមាថព្រះចេស្តាដោយផ្សព្វផ្សាយព័ត៌មានមិនពិត មួលបង្កាច់ បំភ្លៃខុសពីការពិត។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ បានដឹងយ៉ាងច្បាស់ថានេះ គឺជាល្បែងដ៏គ្រោះថ្នាក់បំផុតដែល សម រង្ស៊ី និងបក្ខពួកកំពុងតែលង ប្រៀបបាននិងមមៀចកំពុងលេងភ្លើង យ៉ាងដូច្នោះដែរ ព្រោះអាជ្ញាធរបានប្រកាសហើយថាការស៊ែរផ្សព្វផ្សាយបន្តនូវសាររបស់ជនក្បត់ជាតិ និងសកម្មភាពនានាដែលស្ថិតក្នុងផែនការរដ្ឋប្រហារ ត្រូវប្រឈមមុខច្បាប់។ រហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិមិនបានចាប់អារម្មណ៍ ហើយមិនផ្តល់ការគាំទ្រចំពោះក្រុមជនក្បត់ជាតិនេះឡើយ ហើយសូម្បីតែអតីតមន្ត្រីបក្សប្រឆាំង និងអ្នកវិភាគដែលគាំទ្រ សម រង្ស៊ី ផ្កាប់មុខ ក៏មិនបានគាំទ្រយុទ្ធសាស្ត្រនយោបាយដ៏ឆ្កួតលីលារបស់ សម រង្ស៊ី ធ្វើរដ្ឋប្រហារ ប្រមាថព្រះមហាក្សត្រ និងប៉ុនប៉ងប្តូររបបដឹកនាំបែបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទៅជាសាធារណរដ្ឋដែរស្របតាមការចង់របស់របស់ចៅហ្វាយនាយរបស់ពួកគេ។

ចាប់តាំងពីឈានជើងចូលឆាកនយោ បាយកម្ពុជានៅឆ្នាំ ១៩៩៣ ភ្លាម សម រង្ស៊ី គឺជាអ្នកប្រឆាំងកម្ពុជាយ៉ាងខ្លាំងក្លា ប្រឆាំងនឹងរដ្ឋាភិបាលខ្លួន អំពាវនាវឱ្យបរទេសដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយ សម រង្ស៊ី នៅពេលនេះ បាននិងកំពុងតែ បន្តនយោបាយរបស់ខ្មោចឪ សម សារី ក្នុងការផ្តួលរំលំរដ្ឋាភិបាលគ្រប់គ្រងប្រទេស និងផ្តួលរំលំរបបរាជានិ យមនៅកម្ពុជា។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនខ្មែរបានតាំងចិត្តច្បាស់លាស់ ហើយថា នឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិបំផ្លាញកម្ពុជាបានឡើយ។ ក្រុមមេរដ្ឋប្រហារ និងអ្នករួមគំនិតក្បត់ត្រូវចងចាំថា «កុកភ្លេចជុង ប៉ុន្តែជុង មិនដែលភ្លេចកុកឡើយ»ហើយកាន់តែចងចាំផងដែរថាជនក្បត់ជាតិទាំងឡាយអាចភ្លេចខ្នោះនិងគុក ប៉ុន្តែ ខ្នោះនិងគុកមិនដែលភ្លេចអ្នកឡើយ! ទោះបីក្នុងតម្លៃណាក៏ដោយ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារព្រះមហាក្សត្រខ្មែរ និងប្រជាជនកម្ពុជាឱ្យបានជាដាច់ខាត!

សូមរំឭកថា តាមរយៈទឹកសម្បថ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានស្បថជា ឱឡារិកនៅមុខព្រះភក្ត្រនៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទាំង២គណៈ នៅមុខព្រះភក្ដ្រអង្គព្រះមហាក្សត្រ និងនៅមុខព្រះមហាស្វេតច្ឆត្រ ថានិងស្មោះត្រង់ប្ដូរផ្ដាច់យ៉ាងដាច់ខាតការពារព្រះមហាក្សត្រ ការពារព្រះរាជបល្ល័ង្គ ស្មោះត្រង់និងជាតិមាតុភូមិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ព្រមទាំងកម្ចាត់យ៉ាងដាច់ខាតជនទាំងឡាយណាដែលហ៊ាន ប្រមាថចេស្ដានៃ អង្គព្រះបរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី។

សូមអរអរសាទរខួបលើកទី២៦ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ!
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ - ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៩

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩