(កំពង់ឆ្នាំង)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់រថយន្តដឹកសត្វមានរស់លើសច្បាប់កំណត់មួយគ្រឿងរបស់ក្រុមហ៊ុន «គន្ធារស្មីពេជ្រ» និងបានប្រគល់ ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីធ្វើការផាកពិន័យ។ នេះជាការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ងិន ហ៊ុន បានបញ្ជាក់ថា រថយន្តមួយគ្រឿង បានដឹកលើសចំនួនដែលច្បាប់បានកំណត់ជូន ពោលច្បាប់បានតម្រូវឲ្យដឹកតែ៤០០០ក្បាល ប៉ុន្តែមន្រ្តីរបស់លោកបានរកឃើញមាន់រស់ រហូតដល់ប្រមាណ ៥ពាន់ក្បាលឯណោះ។ បើតាមប្រធានមន្ទីរកសិកម្ម សម្រាប់បទល្មើសមួយនេះ គឺតម្រូវឲ្យមានការផាកពិន័យពី ១០លានរៀល ទៅ១៥លានរៀល។

លោក ងិន ហ៊ុន បានថ្លែងបន្តថា នៅព្រឹកនេះខាងតំណាងក្រុមហ៊ុន បានយកច្បាប់មកបង្ហាញដល់មន្រ្តីជំនាញរបស់លោក ដោយពិតជាបានលួចដឹកលើសចំនួនដែលច្បាប់បានកំណត់មែន។ លោកថា រថយន្តបាននាំចូលសត្វមាន់រស់ពីប្រទេសថៃ ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីធ្វើការចែកចាយបន្ត។

យោងតាមសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ រថយន្តរបស់ក្រុមហ៊ុន «គន្ធារស្មីពេជ្រ» មានចំនួន២គ្រឿង តែបានបកក្បាលត្រឡប់ ទៅក្រោយវិញមួយក្បាល នៅពេលដឹងថា រថយន្តរបស់ខ្លួនមួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ជាប់។

បើតាមសេចក្តីរាយការណ៍ខាងលើ រថយន្តដឹកសត្វមាន់រស់ទាំងនេះ បានដឹកចេញពីប្រទេសថៃ តាមច្រករបៀងបឹងឆ្នាំង នៃស្រុកកំរៀង ខេត្តបាត់ដំបង ហើយភាពច្រើនគឺផ្ទុកលើសចំនួនច្បាប់អនុញ្ញាត ដែលរថយន្តខ្លះបានដឹកលើសរហូតជាងពាក់កណ្តាលឯណោះ។

ជាក់ស្តែងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ក៏បានឃាត់រថយន្តមួយគ្រឿងរបស់ក្រុមហ៊ុន «គន្ធារស្មីពេជ្រ» ត្រង់ចំណុចផ្សារត្រាច ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត។

តាមការបញ្ជាក់របស់សមត្ថកិច្ចរថយន្តនោះ ជារថយន្តដឹកសត្វមាន់រស់ជិត១ម៉ឺនក្បាល ខណៈដែលក្នុងច្បាប់អនុញ្ញាតមានតែ ៤ពាន់ក្បាលប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រោយមានការតវ៉ាមួយចំនួន ចំពោះការផ្អាកផ្តល់គោលការណ៍នាំចូលមាន់រស់ពីប្រទេសជិតខាង ពិសេសប្រទេសថៃនោះ, លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកពន្យល់បន្ថែមទៀតជុំវិញបញ្ហានេះដោយបញ្ជាក់ថា ការផ្អាកការនាំចូលមាន់រស់ធ្វើឡើង តាមការចង់បានរបស់អ្នកចិញ្ចឹមក្នុងស្រុក ខណៈការផ្ដល់គោលការណ៍ឲ្យ នាំចូលវាកើនឡើង លើសលុបពេកទៅហើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោករដ្ឋមន្រ្ដីបានអះអាងថា «នៅពេលខ្ញុំចុះធ្វើការតាមបណ្ដាខេត្ត មានប្រជាជនសំណូមពរឲ្យ ជួយទប់ស្កាត់រឿងមាន់នេះ ព្រោះឥឡូវយើងយកទទួលថវិកា ពីគម្រោងជាច្រើនមកជួយរួមមាន៖ ធនាគារពិភពលោក, ធនាគរអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាជាតិមួយចំនួន ដើម្បីបណ្ដុះបណ្ដាល ប្រជាជនឲ្យចេះចិញ្ចឹមមាន់ និងទទួលបានប្រាក់ចំណូល»

លោករដ្ឋមន្រ្ដីបញ្ជាក់ថា «ប្រជាពលរដ្ឋក៏បានសំណូមពរឲ្យខ្ញុំផ្អាកការនាំចូលមាន់រស់ ដូច្នេះយើងក៏បានធ្វើតាមបំណងប្រាថ្នារបស់គាត់។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានចុះជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ផងដែរ ដោយក្នុងនោះមាន៧៥៣កសិដ្ឋានត្អួញត្អែរថា តម្លៃមាន់ចុះដោយក្នុងសត្វមាន់មួយក្បាលចុះថ្លៃ១ដុល្លារ នេះជាការជះឥទ្ធិពល ក្នុងការចិញ្ចឹមក្នុងស្រុក ហើយប្រសិនបើយើងបើកឲ្យពួកគេនាំចូលមក អុកឡុកខូចតម្លៃទីផ្សារក្នុងស្រុក នោះធ្វើឲ្យការចិញ្ចឹមក្នុងស្រុកបរាជ័យ ពិសេសសេដ្ឋកិច្ចប្រជាពលដ្ឋ»

លោក វេង សាខុន បានបន្ដថា សេចក្ដីត្រូវការមាន់ពិតបា្រកដ មានចំនួនត្រឹមតែ១៧,០០០ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ ហើយបើនាំចូលរហូតដល់៤-៥ម៉ឺនក្បាលក្នុង១ថ្ងៃនោះ គឺជះឥទ្ធិពលអាក្រក់ដល់ការវិវឌ្ឍក្នុងស្រុក។ បន្ថែមពីនេះ ថវិកាដែលទទួលបានពីគម្រោងធនាគារពិភពលោក និង ADB យកមកបណ្ដុះបណ្ដាលដល់ប្រជាជន ហាក់បីដូចជាគ្មានបានផលប្រយោជន៍អ្វីទាំងអស់៕