(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានបន្ដដាក់ផែនការយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យកងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាទីបំផុត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ការដាក់ផែនការរបស់លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការនគរបាលជាតិ និងសេចក្តីសម្រេចលេខ៥១៦ ស្តីពីការបង្កើតក្រុមការងារបំពេញភារកិច្ច នៅក្នុងការិយាល័យសម្របសម្រួល។ កិច្ចប្រជុំនេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានការចូលរួមពីស្នងការរង នាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ អធិការ អធិការរង ទទួលការងារសណ្តាប់ធ្នាប់ ស្រុក ក្រុង នាយ នាយរងផ្នែក និងមន្រ្តីនគរបាលសរុបចំនួន៨៦នាក់។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាលទូទាំងខេត្តតាកែវ ត្រូវតែបន្ដក្ដោបក្ដាប់ សភាពការណ៍ក្នុងមូលដ្ឋាន ហើយបើមានការប្រមូលផ្ដុំណាមួយពាក់ព័ន្ធចលនាខុសច្បាប់ ត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានធ្វើការផ្សព្វផ្សាយកន្លងទៅផងដែរ៕