(កំពង់ធំ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនកសិករចំនួន៤រូប និងបិទសូបសញ្ញា នៃការអនុវត្តកសិកម្មល្អ កម្ពុជា ដែលបានអនុវត្តន៍លើគម្រោងកសិកម្មល្អ (GAP) ក្នុងការបញ្ជាក់នូវគុណភាពបន្លែ ដែលដាំដុះប្រកដោសុវត្ថិភាព និងធានាបានគុណភាពដល់អ្នកប្រើប្រាស់។
លោក ហូ ពុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើង ការប្រគល់ជូនវិញ្ញាបនបត្រជូនកសិករនៅថ្ងៃនេះ ជាលើកដំបូងដែលធ្វើសម្រាប់ខេត្តកំពង់ធំ ហើយបន្លែទាំងអស់ដែលបិទផ្លាក សញ្ញាសម្គាល់គុណភាពនេះ គឺជារឿងសំខាន់មួយដែលក្រសួងកសិកម្ម កំពុងមានការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បន្លែឆៅ និងបន្លែសម្រាប់ចំអិនអាហារទាំងក្នុងគ្រួសារ និងភោជនីយដ្ឋានផ្សេងៗ។
កសិករដែលទទួលបានវិញ្ញាបនបត្រនេះលុះត្រាតែដំណាំបន្លែរបស់គាត់ទាំងអស់ ដែលដាំដុះនៅក្នុងចំការវិលជុំតាមរដូវ មិនមានសារធាតុគីមីនៅថ្ងៃដែលប្រមូលផល និងនាំយកទៅកាន់លើទីផ្សារ ដែលនៅក្នុងនោះ កសិករដែលជាអ្នកផលិតចាំបាច់ត្រូវមានស្តង់ដាបួនសំខាន់រួមមាន៖
*ទី១៖ សុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ដែលជាអ្នកបរិភោគនូវបន្លែទាំងអស់ ដែលខ្លួនផលិតបាន
*ទី២៖ គុណភាព ជាផលិតផលពិតមិនមានការក្លែងបន្លំ មិនយកបន្លែពីខាងក្រៅមកជំនួស
*ទី៣៖ ធានាបាននូវបរិស្ថានជុំវិញកន្លែងផលិតទាំងកន្លែងដាំ កន្លែងលាងសំអាត និងកន្លែងវេចខ្ចប់ ដើម្បីធានូវផលិតកម្មមិនប៉ះពាល់ដល់សុខភាព ទាំងកាកសំណល់ថ្នាំគីមី និងជីគីមីជាដើម
*ទី៤៖ សុខភាពសុវត្ថិភាពពលកម្ម គឺការធានានូវសុភាព និងសុវត្ថិភាពក្នុងការថែនាំដំណាំ ជាពិសេសគឺការពារសុខភាព គុណភាព បន្លែឲ្យនៅល្អ មិនឲ្យលាយលំជាមួយទំនិញដែលមានជាតិគីមី។
កសិករទាំងអស់ដែលបានចុះវាយតម្លៃជាប់ជាស្ថាពរក្នុងលក្ខខណ្ឌ ព្រមទាំងកសិករដ៏ទៃទៀតដែលស្នើរសុំចុះបញ្ជីជាសកម្មល្អ គឺត្រូវបានពិនិត្យ និងតាមដានដោយ អគ្គនាយកដ្ឋានការពារ ដំណាំអនាម័យ និងភូតគាមអនាម័យ ក្នុងករណីរកឃើញថាមានកសិករផ្សេងទៀតធ្វើបានគ្រប់លក្ខខណ្ឌ និងធ្វើការផ្តល់ជូនជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានោះ លោកក៏បានជំរុញឲ្យមានការផលិត និងវេចខ្ចប់ទំនិញប្រកបដោយដោយគុណភាព។
លោក អោម ពេជ្រ អនុប្រធានយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានលើកឡើងថា ក្រសួងកសិកម្មបានធ្វើការយកចិត្តទុកដាក់នូវសុខភាពប្រជាពលរដ្ឋទូទៅ និងជួយលើកស្ទួជីវភាពកសិករ ដែលក្នុងមានការចុះអនុវត្តដោយនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ ក្នុងការចុះវាយតម្លៃលើកសិករ ដែលផលិតដំណាំកសិកម្មល្អ (GAP) លើបានចុះវាយតម្លៃ លើខេត្តចំនួន០៥ដូចជា៖
*ខេត្តបាត់ដំបង ចុះវាយតម្លៃចំនួន០៣ចំការ ជាប់ជាស្ថាពរមួយចំការ
*ខេត្តកំពង់ធំ ចុះវាយតម្លៃ០៨ចំការ ជាប់ជាស្ថាពរចំនួន០៤ចំការ និង០៣ចំការជាប់ក្នុងលក្ខខណ្ឌ
*ខេត្តកំពង់ចាម ចុះវាយតម្លៃ០៣ចំការ ធ្លាក់មិនជាប់លក្ខ័ណ្ឌ
*ខេត្តព្រៃវែង ចុះវាយតម្លៃពីរចំការ មួយចំការជាប់ក្នុងលក្ខខណ្ឌ
*ខេត្តកណ្តាល ចុះវាយតម្លៃ១៣ចំការ ជាប់ជាស្ថាពរចំនួន០៥ចំការ បីចំការជាប់ក្នុងលក្ខខណ្ឌ និង០៥ចំការទៀតធ្លាក់
*ខេត្តពោធិ៍សាត់ ចុះវាយតម្លៃ១៧ចំការ ក្នុងនោះជាប់ជាស្ថាពរ ០៧ចំការ ជាប់ក្នុងលក្ខខណ្ឌ០៧ និងបីចំទៀតធ្លាក់។
ក្រុមកាងរនាយកដ្ឋាន ការពារដំណាំអនាម័យ និងភូតគាមអនាម័យ កំពុងទទួលបានការស្នើរសុំពីប្រជាកសិករចុះបញ្ជីកសិកម្មល្អ តាមរយៈមន្ទីរកសិកម្មចំនួន២៤ចំការផ្សេងទៀត ដែលត្រូវចុះធ្វើការពិនិត្យ និងវាយតម្លៃជូនមានក្នុងនៅខេត្តព្រៃវែងចំនួន៧ចំការ កណ្តាល១០ចំការ និងខេត្តកំពង់ចាម ចំនួន៧ចំការ។
លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បញ្ជាក់ថា គម្រោងគាំទ្រអនុវត្តកសិកម្មល្អនៅក្នុងខេត្តកំពង់ធំមានចំនួន២ស្រុក គឺស្រុកបារាយណ៍ និងស្រុកកំពង់ស្វាយ មាន៨ក្រុមសមាជិកចំនួន ១១៣គ្រួសារ ផ្ទៃដីដាំដុះនចំនួន ៤៨,៥៣ ហ.ត ដែលបច្ចុប្បន្នអាចផ្គត់ផ្គង់បន្លែបានប្រមាណ ១៧តោន/ថ្ងៃ។ ក្នុងនោះស្រុកបារាយណ៍ មានចំនួន ២ក្រុម មានសមាជិកចំនួន ៣០គ្រួសារ លើផ្ទៃដីដាំដុះ ១៣,២០ហ.ត និងស្រុកកំពង់ស្វាយ មានចំនួន ៦ក្រុម សមាជិកចំនួន ៨៣គ្រួសារ ផ្ទៃដីដាំដុះចំនួន៣៥,៣ពាហ.ត៕