(ភ្នំពេញ)៖ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រី និងអតីតមន្ត្រី សរុបចំនួន២៧០នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ACU ស្តីពីកិច្ចប្រជុំលើកទី៥០ អាណត្តិទី២ នៃក្រមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងដដែល បានឱ្យដឹងបន្តថា ក្នុងចំណោម មន្ត្រីទាំង២៧០នាក់ មានមន្ត្រីដែលទទួលបានការតែងតាំងថ្មីមានចំនួន១០៦រូប បានប្រកាសទ្រព្យសម្បត្តិ និងបំណុល មន្ត្រីចំនួន ១៣រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ, មន្ត្រីដែលត្រូវបានបញ្ឈប់ពីមុខតំណែង, ចប់អាណត្តិ, ចូលនិវត្តន៍ចំនួន១៥១រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយរបស់ខ្លួន។

ក្នុងខែកញ្ញានេះដែរ ACU បានទទួលពាក្យបណ្តឹងចំនួន៦១ពាក្យបណ្តឹង (អនាមិក២៥ពាក្យបណ្តឹង ស្មើនឹង៤១ភាគរយ នៃពាក្យបណ្តឹងសរុប) ព្រមទាំងបានចេញលិខិតកោះហៅបុគ្គលដែលរងបណ្តឹងចំនួន១៥រូប មកស្តាប់ចម្លើយ ឬបំភ្លឺ ដោយបានបើកបន្ទប់ស្តាប់ចម្លើយ ចំនួន២៥លើក, ពាក្យប្តឹង២៨ករណី ត្រូវបានវិភាគ និងស្រាវជ្រាវបឋម គឺមិនពាក់ព័ន្ធនឹងអំពើពុករលួយ ឬមិនមានតម្រុយនៃអំពើពុករលួយទេ។

តាមសេចក្តីជូនដំណឹង របស់ ACU បានបន្ថែមទៀតថា ដោយបានជូនស្ថាប័ន និងបុគ្គលពាក់ព័ន្ធធ្វើការបំភ្លឺចំនួន ២៥ករណី ដែលពាក់ព័ន្ធពាក្យប្តឹងស្ថាប័ន បុគ្គលពាក់ព័ន្ធពាក្យប្តឹងចំនួន ២៩ បានបំភ្លឺបកស្រាយការចោទប្រកាន់របស់ម្ចាស់បណ្តឹងមកលើខ្លួន។ ជាមួយគ្នានេះដែរ ACU បានបន្តសកម្មភាពធ្វើការងារបង្ការ ទប់ស្កាត់ ចុះសង្កេតការណ៍ការដេញថ្លៃចំនួន ៧០គម្រោង បានចុះសង្កេតការណ៍ ការពិគ្រោះថ្លៃចំនួន ៧គម្រោង, បានចុះសង្កេតការណ៍ការចរចាថ្ងៃចំនួន ៧គម្រោង, បានចុះសិក្សាប្រមូលព័ត៌មាន និងវាយតម្លៃក្រុមហ៊ុនបាន ១៧ក្រុមហ៊ុន និងស្រាវជ្រាវអត្តសញ្ញាណក្រុមហ៊ុនបាន ៥៦ក្រុមហ៊ុន៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ ACU៖