(កំពត)៖ មានកាន់ឃ្នៀបនៅក្នុងដៃ បម្រុងនឹងឡើងគៀបទឹកត្នោត បុរសវ័យចំណាស់ម្នាក់នៅខេត្តកំពត បានធ្វើការប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រហើនហ៊ានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រដែលទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

បុរសដែលប្រកបរបរឡើងត្នោតជាង៤០ឆ្នាំរូបនេះ បានអះអាងទៀតថា ទណ្ឌិត សម រង្ស៉ី ជាពូជក្បត់ជាតិតតាំងពីលោក សម សារី ដែលជាឪពុក រហូតមកដល់លោក សម រង្ស៉ី ខ្លួនឯងផ្ទាល់ នៅតែរក្សាសណ្ដានបែបនេះដដែល គ្មានខុសគ្នាកន្លែងណានោះទេ។

ប្រជាពលរដ្ឋរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជាប្រជាពលរដ្ឋម្នាក់ គឺខ្ញុំជាអ្នកឡើងត្នោត ហើយខ្ញុំស្អប់ណាស់អាពួកបោកប្រាស់ អាពួកដើរបញ្ឆោតឲ្យប្រជាពលរដ្ឋធ្វើចលនារដ្ឋប្រហារសម្ដេច ឬមើលងាយព្រះមហាក្សត្រ គឺខ្ញុំស្អប់ណាស់។ ខ្ញុំអត់គាំទ្រទេ របប សម រង្ស៉ីនេះ គឺសម រង្ស៉ី វាក្បត់ទាំងពីឪវា គឺខ្ញុំអត់គាំទ្រទេ»

សូមជម្រាបថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ អង្គព្រះមហាក្សត្រ ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ជនក្បត់ជាតិ សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជា ចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»

នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។

សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕