(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមលេខា គណ:កម្មាធិការព្រំដែនទូទៅកម្ពុជា -ថៃ និងឧត្តមសេនីយ៍ ទោ Pongtep Gaewchaiyo ប្រធានគណៈកម្មាធិការទូទៅព្រំដែនថៃ-កម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងសម្រាប់កិច្ចសហប្រតិបត្តិការ បោសសម្អាតមីន រួមគ្នារវាងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) នៅទីតាំងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ។
ការចុះពិនិត្យមើលទីតាំងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ហេង រតនា អគ្គនាយក CMAC និង ឧត្តមសេនីយ៍ឯក Sittipol Nimnuan អគ្គនាយក TMAC និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ហេង រតនា បានបញ្ជាក់ថា ការចុះពិនិត្យមើលទីតាំងនេះ គឺដើម្បីពិភាក្សា ស្តីអំពីកំណត់ ជ្រើសរើសចំការមីន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
លោកបន្តថា នៅក្នុងជំនួបនោះ CMAC និង TMAC បាន បង្ហាញការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ នៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានា នៅតាមបណ្តោយព្រំដែន ដោយអនុលោមទៅតាមស្មារតីកិច្ចប្រជុំ និងការសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
លោកបញ្ជាក់ទៀតថា ការបោសសំអាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រគល់ភារកិច្ចដោយរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ឲ្យអង្គភាព TMAC និងអង្គភាព CMAC អនុវត្តជាសេនាធិការជូនគណ:កម្មការព្រំដែនទូទៅកម្ពុជា-ថៃ៕