(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអង្គការ ANRS នៃប្រទេសបារាំង បានសហការណ៍គ្នារៀបចំសិក្ខាសាលាស្តីពីក្រមសីលធម៍ជីវសាស្ត្រ ដើម្បីចែករំលែកនូវបទពិសោធន៍នៃការធ្វើការពិគ្រោះយោបល់ក្នុងពេលបង្កើតច្បាប់ ស្តីពីក្រមសីលធម៌ជីវសាស្ត្រនៅប្រទេសបារាំង ជូនដល់សមាជិក សមាជិការ គណៈកម្មាធិការជាតិក្រមសីលធម៌សំរាប់ការសិក្សាស្រាវជ្រាវ ទាក់ទងនិងមនុស្សនៅកម្ពុជា និងធ្វើឱ្យអ្នកស្រាវជ្រាវនៅកម្ពុជា បានយល់ដឹងបន្ថែមទៀត។
សិក្ខាសាលានេះដែរ បានរៀបចំឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិក្រមសីលធម៌ សំរាប់ការសិក្សាស្រាវជ្រាវទាក់ទងនិងមនុស្សនៅកម្ពុជា, លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, និងមានការចូលរួមពីលោកសាស្ត្រាចារ្យ Jean François Delfraissy ប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់ក្រមសីលធម៍អំពីវិទ្យាសាស្ត្រជីវិត និងសុខភាពនៃប្រទេសបារាំង,លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាលកវិទ្យាធិការនៃសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះលោកសាស្ត្រាចារ្យ អេង ហួត បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៥មក លោកសាស្ត្រាចារ្យ Jean Francoise Delfraissy បានចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយនឹងប្រទេសកម្ពុជា ក្នុងនាមជាអ្នកទទួលខុសត្រូវស្រាវជ្រាវផ្នែកគ្លីនិច និងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ជាពិសេសគឺចាប់តាំងពីការបង្កើតអង្គការ ANRS Cambodge ព្រមទាំងក្នុងនាមជាដៃគូ ដោយបានសហការជាមួយក្រសួងសុខាភិបាល និងកម្មវិធីថ្នាក់ជាតិ នៅតាមបណ្ដាមន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា និងអង្គការបារាំងនានា ដូចជា GIP Esther Expertise France។
លោកសាស្ត្រាចារ្យ អេង ហួត បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ Jean Francoise Delfraissy មានការសិក្សាស្រាវជ្រាវចំនួន៣០ ពាក់ព័ន្ធផលប៉ះពាល់ដោយផ្ទាល់នៃវិស័យសុខភាពសាធារណៈ ត្រូវបានសម្រេចឡើងដោយអង្គការ ANRS នៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងសុខភាពសាធារណៈនេះ។ ក្នុងនាមជាប្រធានគណៈកម្មាធិការប្រឹក្សាជាតិផ្នែក ក្រមសីលធម៌វិជ្ជាជីវៈពេទ្យ នៃវិទ្យាសាស្រ្តសិក្សាពីជីវិត និងសុខាភិបាល លោកសាស្ត្រាចារ្យ បានធ្វើការជាមួយសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបានរៀបចំសិក្ខាសាលាមួយឡើងស្ដីពីការដាក់ឱ្យដំណើរការ ឬការអនុវត្តស្ថានភាពទូទៅនៃច្បាប់ក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ព្រមទាំងយន្ដការនានានៃការបង្កើតចាប់សីលធម៌ វិជ្ជាជីវៈពេទ្យបារាំងផងដែរ។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា សិក្ខាសាលាស្តីពីក្រមសីលធម៍ជីវសាស្ត្រ ធ្វើឡើងដើម្បីចែករំលែកនូវបទពិសោធន៍នៃការធ្វើការពិគ្រោះយោបល់ ក្នុងពេលបង្កើតច្បាប់ស្តីពី ក្រមសីលធម៌ជីវសាស្ត្រនៅប្រទេសបារាំង ជូនដល់ សមាជិក សមាជិការ គណៈកម្មាធិការជាតិក្រមសិលធម៌សំរាប់ការសិក្សាស្រាវជ្រាវទាក់ទង
និងមនុស្ស នៅកម្ពុជា និងអ្នកស្រាវជ្រាវនៅកម្ពុជាបានយល់ដឹងបន្ថែមទៀត ដោយនឹងត្រូវធ្វើបទបង្ហាញដោយលោកសាស្ត្រាចារ្យ Jean François Delfraissy ផងដែរ។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានបន្ថែមទៀតថា តាមរយៈសិក្ខាសាលានេះ យើងទាំងអស់គ្នានឹងទទួលបាននូវបទពិសោធន៍ថ្មីៗថែមទៀត សម្រាប់រៀបចំការអនុវត្តគោលការណ៍ក្រមសីលធម៌ សម្រាប់ការស្រាវជ្រាវទាក់ទងនឹងមនុស្សនៅកម្ពុជា ឱ្យបានកាន់តែមានសុក្រិតភាពថែមទៀត។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យ Jean François Delfraissy ដែលនៅតែបន្តជួយដល់ការអភិវឌ្ឍការស្រាវជ្រាវនៅកម្ពុជា តាមរយៈការពង្រឹង សមត្ថភាពក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវនេះ៕