(សៀមរាប)៖ លោកអនុសេនីយ៍ឯក ហួត មុនីពិសាខ ជាមន្ត្រីនគរបាលខេត្តសៀមរាប ម្នាក់ដែលរងគ្រោះក្នុងករណីផ្ទុះហ្គាស នៅជាប់ផ្លូវលោកតាណឺយ ក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ មានអការៈធូរស្រាលហើយ ដោយបច្ចុប្បន្នបានត្រឡប់មកសម្រាកព្យាបាលនៅផ្ទះវិញហើយ។
ក្រុមគ្រួសាររបស់មន្ដ្រីនគរបាលរូបនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពរបួស បានធូរស្រាលបន្តិចហើយ តែនៅពិបាកផ្នែកដៃទាំងពីរ កជើង និងក្បាល ដោយត្រូវទៅលាងរបួសជាប្រចាំនៅមន្ទីពេទ្យនាគទេព។ ដោយឡែកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នឹងត្រូវត្រឡប់ទៅមន្ទីពេទ្យនៅប្រទេសថៃ វិញម្តងទៀតដើម្បីពិនិត្យបន្ថែម។
ជាមួយនឹងស្ថានភាពនេះ ក្រុមគ្រួសាររបស់មន្ដ្រីនគរបាលខាងលើ ក៏សូមអំពាវនាវដល់សប្បុរសជន ពិសេសថ្នាក់ដឹកនាំក្នុងជួរនគរបាល សូមជួយឧបត្ថម្ភបន្ដទៀត ដោយសារក្រុមគ្រួសារត្រូវការថវិកាជាច្រើនទៀត ដើម្បីបន្ដព្យាបាលរហូតជាសះស្បើយ ឬឲ្យធូរស្រាលជាងនេះ។
បន្ថែមពីនេះ លោកអនុសេនីយ៍ឯក ហួត មុនីពិសាខ ក៏បានផ្តាំអរគុណដល់បងប្អូនសប្បុរសជន និងមិត្តភ័ក្ររួមការងារ ជាពិសេសថ្នាក់ដឹកនាំទាំងអស់ ដែលបានជួយឧបត្ថម្ភជាថវិកាសម្រាប់ចំណាយលើការព្យាបាលកន្លងមក។
ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយនោះ បុរសម្នាក់ផ្សេងទៀត ដែលគេស្គាល់ជាអ្នកបើកឡានឲ្យម្ចាស់ទីតាំងដែលផ្ទុះហ្គាស ហើយត្រូវភ្លើងរលាកពេញខ្លួនប្រាណនោះ បានស្លាប់បាត់បង់ជីវិតហើយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ មិនអាចសង្គ្រោះបន្ដទៀតបាន។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅកណ្តាលក្រុងសៀមរាប មានករណីផ្ទុះឆេះ កន្លែងស្ថានីយ៍បញ្ចូលហ្គាស រថយន្ត២៤ម៉ោង គ្មានច្បាប់១កន្លែង បណ្តាលឲ្យឆាបឆេះគ្មានសល់ រហូតខូចខាត ដល់ផ្ទះអ្នកជិតខាង ព្រមទាំងមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់/ស្រាល១៤នាក់ ក្នុងនោះមានជនបរទេសស្រី្ដ២នាក់ ជាគ្រូបង្រៀន ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ទីតាំងស្ថានីយ៍បញ្ចូលហ្គាសនោះ មានម្ចាស់ឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ក្រោយពីមានហេតុការដ៏រន្ធត់បែបនេះកើតឡើង ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសថា ទីតាំងណាដែលរងការឆាបឆេះនោះ កន្លងមកពុំមានច្បាប់អនុញ្ញាតទេ ប៉ុន្តែបានដំណើរការអស់ពេល ជាច្រើនឆ្នាំមកហើយ៕