(ភ្នំពេញ)៖ ប្រតិភូចិនដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហ្វូជាន បាននាំយករូបភាព និងវីដេអូជាច្រើន ដែលបង្ហាញពីតំបន់ទេសចរណ៍ វប្បធម៌ និងភាពទាក់ទាញផ្សេងទៀតនៅខេត្តហ្វូជាន (Fujian) មកតាំងពិព័រណ៍ផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ជាមួយនឹងការអះអាងថាត្រៀមទទួលស្វាគមន៍ជានិច្ចចំពោះមិត្តកម្ពុជា និងភ្ញៀវទេសចរពីកម្ពុជាគ្រប់គ្នា។
ពិធីតាំងពិព័រណ៍រូបថតខាងលើនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរៀបចំជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារណាហ្គាវើល នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA និងលោក ចាង ហ័រមីង (ZHANG Huaming) អ្នកស្រាវជ្រាវមកពីការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហ្វូជាន។
លោក ចាង ហ័រមីង បានឱ្យដឹងថា ការរៀបចំពិធីតាំងពិព័រណ៍រូបថតអំពីតំបន់ទេសចរណ៍ និងវប្បធម៌នៅខេត្តហ្វូជាននេះ គឺស្របនឹងការកំណត់របស់រាជរដ្ឋាភិបាល និងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំណត់យក «ឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន»។
លោក ចាង បានពិពណ៌នាថា ខេត្តហ៊្វូជាន ត្រូវបានគេប្រសិទ្ធនាមថា «ផ្ទាំងគំនូរភ្នំ និងសមុទ្រ ជាទីសុភមង្គលរបស់មនុស្សជាតិ» ហើយក៏ជាខេត្តចិនតែមួយគត់ ដែលដាក់ឈ្មោះដោយប្រើអក្សរ «ហ៊្វូ ប្រែថា សុភមង្គល»។
លោកថា បរិស្ថានអេកូឡូស៊ីនៅហ៊្វូជានមានលក្ខណៈស្រស់ស្រាយ និងជាខេត្តពណ៌បៃតងបំផុតនៅក្នុងប្រទេសចិនទាំងមូល។ វប្បធម៌របស់ខេត្តហ៊ូជានមានលក្ខណៈសម្បូរបែបខ្លាំងណាស់ ដោយមានទាំងវប្បធម៌សូត្រសមុទ្រ វប្បធម៌ទឹកដី វប្បធម៌មីនទូ វប្បធម៌ហុកកៀនជាដើម ដែលសុទ្ធតែត្រូវបានលាយច្របាច់ចូលគ្នា និងរីកចម្រើនទៅមុខរួមគ្នា។
ខេត្តហ្វូជាន មានតំបន់ទេសចរណ៍ និងវប្បធម៌ជាច្រើនកន្លែង ផ្ដល់នូវសប្បាយភាពរីករាយគ្មានព្រំដែន ក្នុងនោះរួមមាន៖ សម្បត្តិបេតិកភណ្ឌពិភពលោកទាំង៤ (ភ្នំអ៊ូអ៉ី សណ្ឋាគារដីតាន់ស្យ៉ា អូរជីវឈូ និងអគារដីហ្វូជាន ដែលគេសន្មត់ថាស្នើនឹងមហាកំពែង) តំបន់សម្បត្តិបេតិកភណ្ឌធម្មជាតិពិភពលោក «ថៃនីង» ឧទ្យានសណ្ឋានដីពិភពលោក ២កន្លែង (នីងតឿ និងថៃនីង) ធនធានពិសេសប្លែកគេចំនួន ៩ (១.ទីកំណើតរបស់តែនៅលើពិភពលោក ២.អគារដីដ៏អស្ចារ្យ ៣.អេកូឡូស៊ីបៃតង ៤.សមុទ្រក្នុងក្ដៅស្រមៃ ៥.ការគោរពបូជាចំពោះព្រះវិហារ ៦.ចំណងជើងវិថីសូត្រលើសមុទ្រ ៧.ការជាប់ទាក់ទងនឹងកោះតៃវ៉ាន់ ៨.តេទឹកពុះថែទាំសុខភាព ៩.ការច្របាច់បញ្ចូលគ្នានៃពហុវប្បធម៌)។
នាឱកាសនោះ លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ថ្វីដ្បិតខេត្តហ្វូជានស្ថិតនៅជាទំព័រថ្មីសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែតាមរយៈកម្មវិធីថ្ងៃនេះ នឹងបង្ហាញពីទីកន្លែងទេសចរណ៍សំខាន់ៗរបស់ហ្វូជាន ទៅដល់ការីទេសចរណ៍នៅកម្ពុជា ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ដើម្បីផ្តល់ជាឱកាសដល់ប្រជាជនកម្ពុជាទៅទស្សនាកម្សាន្ត និងស្គាល់កាន់តែច្បាស់ពីខេត្តនេះ។
តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ នៅខេត្តហ្វូជាន នឹងក្លាយជាមូលដ្ឋានគ្រឹះត្រៀមខ្លួនធ្វើការសហការផ្សព្វផ្សាយបន្ត និងរៀបចំជាកញ្ចប់ទស្សនកិច្ចពីកម្ពុជាទៅខេត្តហ្វូជាន ក៏ដូចជាពីខេត្តហ្វូជានមកកាន់កម្ពុជាវិញដែរ។
លោកប្រធានសមាគមបានបន្តថា ក្រៅពីនេះ កម្ពុជាក៏នឹងមានការបង្កើនការហោះហើរត្រង់បន្ថែមទៅកាន់ខេត្តនេះ នាពេលខាងមុខ និងបណ្តាទីក្រុងនានាបន្ថែមទៀត។
សូមជម្រាបថា ខេត្តហ្វូជាននេះហើយ ដែលនៅក្នុងទសវត្សទី៥០ និង៦០ ផ្កាយរណបយោធារបស់សហរដ្ឋអាមេរិក ចាប់បានរូបភាពរបស់អគារដីហ្វូជានជាលើកដំបូង ដោយយល់ច្រឡំថាជាមូលដ្ឋានបាញ់កាំជ្រួចមីស៊ីលរបស់ចិន ហើយចាប់តាំងពីពេលនោះមក ហ្វូជាន ក៏បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរ៕