(ភ្នំពេញ)៖ នៅមិនដល់២សប្តាហ៍ទៀតទេ ពោលគឺបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួច នឹងមានការមកដល់នៃ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង ៥ ខែតុលានៅឯសណ្ឋាគារ ណាហ្គាវើល។ 

ពិព័រណ៍នេះ មានគោលបំណងអូសទាញអ្នកចូលរួម ដែលមានបំណងចង់ទិញអចលនទ្រព្យ មកពីគ្រប់ទិសទី ឲ្យមកជួបជាមួយម្ចាស់គម្រោង និងអ្នកតំណាងលក់របស់គម្រោងផ្ទាល់។ លើសពីនេះទៀត សម្រាប់អ្នកចូលរួមទាំងក្នុងស្រុក និងក្រៅស្រុក ដែលបានជាវនូវគម្រោងអចលនទ្រព្យណាមួយ អាចមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ មានតម្លៃរាប់ពាន់ដុល្លារ ដែលទទួលបានការ ឧបត្ថម្ភដោយដៃគូសហការរបស់យើងគឺ ហាងលក់គ្រឿងអលង្ការ Lukfook Jewellery Cambodia។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អ្នកចូលរួមក៏អាចប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើការសិក្សាពី ឱកាស ភាពរីកចម្រើន និងសក្តានុពលនានាសម្រាប់ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលជាវិស័យមួយកំពុងទទួលបានការចាប់អារម្មណ៍ និង រីកចម្រើនឥតឈប់ឈរ។

ក្រៅពីមានគោលបំណងប្រមូលផ្ដុំ អ្នកដែលស្វែងរក ឬមានគោលបំណងចង់ទិញអចលនទ្រព្យឲ្យមកជួប ជាមួយម្ចាស់គម្រោងផ្ទាល់នោះ ពិព័រណ៍នេះក៏មានគោលបំណងចង់ចែករំលែកចំណេះដឹង និងផ្ដល់ការ អប់រំពីវិស័យអចលនទ្រព្យទៅដល់សាធារណៈជន តាមរយៈសិក្ខាសាលាជាច្រើន ដែលនឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកជំនាញសំខាន់ៗ ទៅលើប្រធានបទមួយចំនួន ដូចជា និន្នាការទីផ្សារអចលនទ្រព្យ ឱកាសវិនិយោគ ច្បាប់ និងគន្លឺះនៃការវិនិយោគដែលអាចជៀសវាងពីហានីភ័យ។

វត្តមាននៃអ្នកជំនាញជាច្រើនរូប លើផ្នែកផ្សេងៗគ្នានឹងផ្តល់ជាគោលគំនិតល្អៗ សម្រាប់អ្នកចូលរួមយក ទៅអនុវត្ត នៅពេលពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡូកក្នុងវិស័យមួយនេះ។ សិក្ខាសាលានឹងមានការចូលរួមដោយវាគ្មិនល្បីៗទាំងអ្នកជំនាញក្នុងស្រុក និងក្រៅស្រុក។ វាគ្មិនទាំងអស់ ត្រូវបានទទួលស្គាល់ថា ជាអ្នកដែលមានបទពិសោធន៍ និងទទួលបានជោគជ័យខ្លាំង ក្នុងវិស័យនេះ។

វាគ្មិនទាំងនេះរួមមាន៖

* លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group
* លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CPL Cambodia
* លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams ប្រចាំកម្ពុជា
* លោក ស៊ន សៀប ស្ថាបនិក និងនាយកប្រតិត្តិក្រុមហ៊ុន Key Real Estate
* លោក Marc Townsend ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CBRE Cambodia
* លោក Dan Davies នាយកក្រុមហ៊ុន CBRE ប្រចាំកម្ពុជា
* លោក Matthew Rendall ដៃគូជាន់ខ្ពស់ក្រុមហ៊ុន SokSiphana & Associates
* អ្នកនាង Catherine Chan នាយកប្រតិបត្តិគម្រោង Urban Village
* លោក Li Min នាយកប្រតិបត្តិគម្រោង Prince Real Estate
* បណ្ឌិត Raymond Choi ប្រធានក្រុមប្រឹក្សាភិបាល Prestige Homes Cambodia
* លោក Edward Lin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yi Fung Real Estate Services
* លោក Haijun Zeng ដៃគូក្រុមហ៊ុន Tings & Associates
* លោក Tasos Stavrou ប្រធានផ្នែកលក់ក្រុមហ៊ុន China and Asia GM
* អ្នកនាង Vann Sokun Nymol ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន Harvey Law Group

លោក ស៊ន សៀប បានថ្លែងថា ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ នឹងចូលរួមចំណែកលើកកម្ពស់ ទៅដល់វិស័យអចលនទ្រព្យតាមរយៈការជួយផ្សព្វផ្សាយពីគម្រោង និងផ្តល់ព័ត៌មានទៅដល់សាធារណៈជន អ្នកវិនិយោគ អ្នកទិញ និងភ្នាក់ងារអចលនទ្រព្យ។
លោកបន្ថែមទៀតថា លោកនឹងធ្វើបទបង្ហាញចែករំលែក អំពីការវិវត្តនៃទីផ្សារអទចលនទ្រព្យ និន្នាការ ទិសដៅវិនិយោគ និងការព្យាករណ៍ពីតំបន់វិនិយោគសក្តានុពលនៅជុំវិញទីក្រុងភ្នំពេញនាពេលអនាគត។ លោកជឿជាក់ថា នេះជាឱកាសល្អមួយ សម្រាប់អ្នកចូលរួមអាចស្វែងរកព័ត៌មានគន្លឹះសំខាន់ៗ នៅពេលពួកគេចង់ធ្វើការវិនិយោគទៅលើគម្រោងអចលនទ្រព្យណាមួយនៅតំបន់ណាមួយ។

ពិព័រណ៍អចលទ្រព្យកម្ពុជា ជាវេទិកាប្រចាំឆ្នាំដ៏ល្អបំផុតសម្រាប់អ្នកស្វែងរកឱកាសវិនយោគ មានឱកាសល្អបំផុតក្នុងការស្វែងរកគម្រោងលំនៅដ្ឋានច្រើនជម្រើសក្នុងពេលតែមួយ, គម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ ត្រូវដាក់តាំងបង្ហាញនៅកន្លែងតែមួយ, ល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា, ផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ និងឱកាសផ្សព្វផ្សាយ និងដាក់បង្ហាញគម្រោងដ៏មានប្រសិទ្ធិភាព៕

សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកអាចចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន, សូមចុះឈ្មោះចូលរួមឥឡូវនេះ!