(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងទទួលបានភាពជោគជ័យ ជូនប្រទេសជាតិ ក្រោយត្រឡប់មកពីកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP លើកទី៤៦» នៅប្រទេសជប៉ុន សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម ជាពិសេសការពង្រឹងពង្រីក និងផ្សព្វផ្សាយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
ការដាស់តឿន និងជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី អនុប្រធានទី ២ នៃរដ្ឋសភាបានអនុញ្ញាតឱ្យប្រតិភូយុវជន ដឹកនាំដោយ លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ និងពុទ្ធិគ្រប់ជ្រុងជ្រោយ មុនពេលចេញទៅចូលរួមកម្មវិធីខាងលើ។ កម្មវិធីនេះ មានរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
លោកស្រីបានលើកឡើងថា ការចូលរួមកម្ម វិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ជាឱកាសពិសេសក្នុងការឱ្យយុវជនកម្ពុជា ពង្រឹង និងពង្រីកចំណងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។ យុវជនត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ ពីប្រវត្តិសាស្រ្ត វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គមកិច្ចប្រទេសរបស់ខ្លួន ដែលកើតចេញពីតម្លៃសន្តិភាពដ៏វិសេសថ្លៃថ្លា ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ន ដើម្បីជាពុទ្ធិងាយស្រួល ក្នុងការអនុវត្តការងារ និងបកស្រាយបា្រប់យុវជនរួមដំណើរ ដែលមកពីប្រទេសក្នុងអាស៊ាន និងជប៉ុន ឲ្យយល់បន្ថែមកាន់តែច្បាស់ពីកម្ពុជា។
សូមជម្រាបថា យុវជនកម្ពុជាចំនួន២៩នាក់ នឹងត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៦ ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ស្រ៊ាន គឹមលី ប្រធានប្រតិភូ និងជាប្រធានសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា បានថ្លែងថា នៅក្នុងរយៈពេល៥២ថ្ងៃនេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលមានយុវជន មកពីប្រទេសក្នុងអាស៊ាន រួមនឹងប្រទេសជប៉ុន ដែលជាអ្នកបង្កើតកម្មវិធីនេះ និងធ្វើដំណើរតាមនាវាពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសសឹង្ហបុរី មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី និងប្រទេសជប៉ុន។ នៅក្នុងនោះ គណៈប្រតិភូយុវជនទំាងអស់ នឹងមានកម្មវិធីពិភាក្សាគ្នា ទៅលើប្រធានបទសំខាន់ៗ ក្នុងការជួយដល់សង្គមជាតិ ការរឹតចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នានៃប្រទេសនីមួយៗ។
ជាមួយគ្នានេះផងដែរ យុវជនចូលរួមនឹងអាចពង្រីកចំណេះដឹង ក៏ដូចជាទស្សនៈវិស័យអំពីពិភពលោករបស់ខ្លួន ដែលជាមាគ៌ាឈានឆ្ពោះទៅភាពជាដឹកនាំក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួមដល់ការអភិវឌ្ឍន៍យុវជន និងសង្គមជាតិ។លោកបន្ដថា នៅពេលនោះយុវជន និងត្រូវចែករំលែកពីវប្បធម៌ សិល្បៈ នៃប្រទេសនីមួយៗ។ ការស្នាក់នៅជាមួយ ឪពុកម្តាយធម៌ ហើយនៅពេលកម្មវិធីនាវា ឆ្លងកាត់ប្រទេសណា យុវជនគណៈប្រតិភូ និងបានចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំប្រទេសនោះផងដែរ។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងផ្ញើថា ក្មួយៗជាយុវជន ត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត អំពីចំណេះ ដឹងទូទៅទាក់ទងនឹងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងអន្តរជាតិនានាដែលមានសភាកម្ពុជា ជាសមាជិក ក្នុងនោះដូចជាអាស៊ានអន្តរ សភាអាស៊ាន (អាយ ប៉ា) និងអង្គការអន្តរជាតិផ្សេងៗទៀត ជាពិសេសកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប (ASEP) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំដ៏មានអត្ថន័យនេះ ដែលមិនធា្លប់មានពីមុនមក នៅឆ្នាំ២០២០ ខាងមុខ។
លោកស្រីបានផ្តល់ជាអនុសាសន៍ថា យុវជនដែលជាប្រតិភូទំាងអស់ ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗ យកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ ត្រូវចេះស្រលាញ់គ្នាឱ្យដូចជាបងប្អូន ដោយត្រូវធ្វើការសហការគ្នាធ្វើការងារជាក្រុម និងចេះជួយធុរៈគ្នាទៅវិញ ទៅមកនៅគ្រប់កាលៈទេសៈ ដូចពាក្យខ្មែរមួយឃ្លាពោលថា «នៅផ្ទះម្តាយ ទីទៃ ទៅព្រៃម្តាយ តែមួយ»។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ថា យុវជនទំាងអស់ ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់ តំណាងឱ្យកម្ពុជា ដោយរក្សាឱ្យបាននូវកិត្តិយសតម្លៃ និងវប្បធម៌ របស់ជាតិដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អ ជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត។
លោក ស្រ៊ាន គឹមលី បានថ្លែងថា សមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា បានដំណើរការរហូតមកដល់ពេលនេះ គឺដោយសារទទួល បានការគំាទ្រពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក្រសួងមន្ទីរនានា ជាពិសេសការផ្តល់កិត្តិយសយ៉ាងថ្លៃថ្លា របស់
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលតំណាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏ដូចជាតំណាងស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិផងដែរ។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជូនពរដល់ក្មួយៗ យុវជនទាំងអស់ សូមមានសុខភាពល្អ និងធ្វើដំណើរប្រកបដោយសេចក្តីសុខ សប្បាយ និងមានសុវត្ថិភាពព្រម ទាំងសម្រេចបាននូវលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានផ្តល់ជូនយុវជន ដែលជាប្រតិភូយុវជនកម្ពុជា នូវថវិកា៤០ម៉ឺនរៀលសម្រាប់ម្នាក់ៗ ផងដែរ៕