(បាត់ដំបង)៖ ដើម្បីជំរុញទឹកចិត្ត និងបណ្តុះការយល់ដឹងអំពីអាជីពនានាទៅកាន់កុមារតូចៗនៅកម្ពុជា អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់គម្រោង Let’s Read បានរៀបចំកម្មវិធីបង្កើតសៀវភៅ រឿងសម្រាប់កុមារ (BookLab) ដែលមានរយៈពេល២ថ្ងៃ ដោយមានការចូលរួមពី វិចិត្រករ នាយកសិល្បៈ និងអ្នកដឹកនាំសិក្ខាសាលា ដើម្បីបង្កើតសៀវភៅរឿងកុមារដែលទាក់ទងនឹងអាជីពទាំង១១ ដែលនឹងត្រូវដាក់ឱ្យអាននិងប្រើប្រាស់ដោយសេរីនៅលើបណ្ណាល័យឌីជីថល Let’s Read។
Let’s Read គឺជាគំនិតផ្តួចផ្តើមឌីជីថល ដែលចំនួនសៀវភៅកើនឡើងយ៉ាងរហ័សរហូតដល់ជាង ២០០០ក្បាលក្នុង ២៣ភាសាផ្សេងៗគ្នា ជាពិសេសសៀវភៅជាភាសាខ្មែរដែលមានរហូតដល់ជិត ៣០០ក្បាល។ បណ្ណាល័យឌីជីថលនេះ បង្កើតឡើងក្នុងយុគសម័យដែលទូរស័ព្ទស្មាតហ្វូនកំពុងពេញនិយម ហើយបណ្ណាល័យមួយនេះ អនុញ្ញាត ឱ្យសាធារណជន អាចទាញយកសៀវភៅមកអាន តាមរយៈគេហទំព័រអនឡាញ និងកម្មវិធីក្នុងទូរសព្ទដៃ(App)តាមរយៈ Google Play Store ផងដែរ។ បណ្ណាល័យឌីជីថលនេះ ត្រូវបាននិងកំពុងតែត្រូវដៃគូអភិវឌ្ឍនៅក្នុងវិស័យអប់រំ យកទៅប្រើប្រាស់ទាំងក្នុងសាលា និងជាជំនួយដល់កម្មវិធីផ្សេងៗទៀតរបស់ពួកគាត់នៅទូទាំងប្រទេសកម្ពុជា។
នេះជាលើកដំបូង ដែលកម្មវិធីផលិតសៀវភៅរឿងកុមារ(BookLab) របស់ Let’s Read ត្រូវបានរៀបចំឡើងនៅហ្វារពន្លឺសិល្បៈឯខេត្តបាត់ដំបង។ កម្មវិធីនេះ មានការចូលរួមដោយ លោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក Kyle Barker នាយករងកម្មវិធីសៀវភៅសម្រាប់អាស៊ី នៃអង្គការមូលនិធីអាស៊ី DJ Nana ទូតសុឆន្ទះ (CSR Ambassador) នៃក្រុមហ៊ុន Smart Axiata និងលោក ពៅ កាំង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Starbucks Cambodia។
លោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងបានកត់សម្គាល់ថា «យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលកម្មវិធីផលិតសៀវភៅលើកនេះ ត្រូវបានរៀបចំនៅខេត្តបាត់ដំបង។ ក្រសួងអប់រំ តែងតែផ្លល់ការគាំទ្រ ចំពោះដៃគូអភិវឌ្ឍន៍ ក្នុងការផលិតធនធានអំណាន ដែលមានគុណភាពខ្ពស់ និងការលើកកម្ពស់ទម្លាប់នៃការអាន ក៏ដូចជាការគិតពិចារណាល្អិតល្អន់ ក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗនៅកម្ពុជា។ យើងនឹងប្រើប្រាស់ធនធានទាំងនោះនៅក្នុងសាលារៀនរបស់យើងឱ្យអស់ពីលទ្ធភាព។
យើងសង្ឃឹម និងជឿជាក់ថា សៀវភៅរឿងកុមារ ស្តីពីអាជីពនឹងជាកម្លាំងជំរុញចិត្តយ៉ាងខ្លាំង ដល់កុមារទាំងអស់ ព្រមទាំងបើកឱកាសឱ្យកុមារអាចមើលឃើញខ្លួនឯង នៅក្នុងតួនាទីទាំងនោះនាពេលអនាគត»។
លោក Kyle Barker បានថ្លែងបន្ថែមថា «យើងបានជ្រើសយកប្រធានបទនេះឡើង ដោយស្របទៅនឹងបរិបទនៃប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងយុគសម័យបដិវត្តឧស្សាហកម្មលើកទី៤ ហើយសៀវភៅទាំងនេះ នឹងជួយកុមារបង្កើតចំណាប់អារម្មណ៍ ក្នុងការស្វែងរកអាជីពនៅ ក្នុងវិស័យស្ទែម ដែលរួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ កម្មវិធី Let’s Read ត្រូវបានគាំទ្រដោយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Starbucks Cambodia ដែលជាក្រុមហ៊ុនកាហ្វេឈានមុខគេនៅលើពិភពលោកតាំងពីឆ្នាំ១៩៧១»។
លោក Jonathan Yap ជាប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសហការ នៃក្រុមហ៊ុន Smart Axiata បានថ្លែងថា «ក្រុមហ៊ុន បានចូលរួមលើកកម្ពស់ទម្លាប់នៃការអាន និងអក្ខរកម្មតាមរយៈការចូលរួមគាំទ្រក្នុងសកម្មភាពសង្គមនានា។ សៀវភៅឌីជីថល ដែលបង្កើតដោយ Let’s Read បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកុមារឱ្យបង្កើតទម្លាប់អានសៀវភៅ និងចាប់ផ្តើមការស្រមើស្រមៃខ្ពស់ ដោយប្រើប្រាស់សម្ភារៈអប់រំតាមអ៊ីនធឺណែត។ វាជាការប្រសើរណាស់ ដែលមានគម្រោង Let’s Readមួយនេះ ហើយយើងបានគាំទ្រតាំងពីឆ្នាំ២០១៧ ឥឡូវបានពង្រីកខ្លួនដល់ខេត្ត ដែលអាចឱ្យអ្នកស្ម័គ្រចិត្ត វិចិត្រករ និងនាយកសិល្បៈបានទទួលយកនូវបទពិសោធថ្មីប្លែក ខណៈពេលបង្កើតខ្លឹមសារ ដែលមានភាពចាំបាច់សម្រាប់អនាគតយុវជនកម្ពុជា»។
លោក ពៅ កាំង ប្រធានផ្នែកទីផ្សារ ប្រចាំនៅ Starbucks Cambodia បានថ្លែងថា «ចាប់ពីឆ្នាំ២០១៨ មកពួកយើងបានសហការជាមួយអង្គការ មូលនិធិអាស៊ី លើគម្រាង Let’s Read ដែលពួកយើងបានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា ការកែសម្រួល និងសរសេរសៀវភៅរឿងនិទានទាក់ទងពីប្រវត្តិកាហ្វេ ដែលចូលរួមដោយដៃគូឆុងកាហ្វេ (បុគ្គលិក) របស់យើង ចំណែកឯអតិថិជនយើងក៏បានចូលរួមចំនែកតាមរយៈ ការទិញសៀវភៅនោះផងដែរ ។ កម្មវិធីសប្បុរសធម៌នេះ វាស្របទៅនឹងអ្វីដែល Starbucks ទូទាំងពិភពលោកបានគាំទ្រក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ។ បន្ទាប់ពីកម្មវិធី Booklab នេះរួចរាល់ យើងនឹងធ្វើការបោះពុម្ពខ្នាតធំ ហើយចែកចាយតាមសាខារបស់យើងទូទាំងប្រទេសក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ»។
គួរបញ្ជាក់ផងដែរថា សៀវភៅដែលផលិតនៅក្នុងកម្មវិធីនេះ និងសៀវភៅផ្សេងៗដែលមានស្រាប់ មាននៅលើបណ្ណាល័យឌីជីថល www.letsreadasia.org សម្រាប់សាធារណជនអាចរកអាន ទាញយក ព្រីន និងចែកចាយបានដោយសេរី។
គម្រោង Let’s Read គឺជាកិច្ចផ្តួចផ្តើមឡើង ដោយអង្គការមូលនិធិអាស៊ី ហើយក៏ជាគម្រោងដែលកំពុងរីកដុះដាលយ៉ាងលឿន ដោយពឹងផ្អែកទៅលើទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមូលនិធិអាស៊ីដែលមានការិយាល័យនៅ១៨ប្រទេសនៅក្នុងតំបន់ ជាមួយនឹងសហគមន៍ក្នុងការកសាងបណ្ណាល័យឌីជីថល ជាភាសាក្នុងតំបន់។
សៀវភៅរឿងក្នុងបណ្ណាល័យនិយាយអំពីប្រធានបទផ្សេងៗដូចជា បរិស្ថាន ភាពចំរុះគ្នា ការតស៊ូ និងការអត់ឱន យេនឌ័រ និងស្ទែម (STEM)។ គម្រោងនេះក៏បណ្តុះនូវទម្លាប់អានដែលជួយដល់កុមារ ក្រុមគ្រួសាររបស់គាត់ និងសហគមន៍របស់គាត់ ឱ្យរីកចម្រើនក្នុងកំឡុងពេលផងដែរ។ គម្រោងនេះក៏មានគោលបំណងបន្តកសាងសហគមន៍អ្នកបង្កើតសៀវភៅ អ្នកបកប្រែសៀវភៅដែលចង់ឃើញអនាគតដែលពោរពេញទៅដោយសៀវភៅកុមារ។
អង្គការមូលនិធិអាស៊ី គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិមួយដែលមិនស្វែងរកប្រាក់ចំណេញ ដែលចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជុំវិញទ្វីបអាស៊ី។ អង្គការមូលនិធិអាស៊ីមានបទពិសោធន៍ជាងប្រាំមួយទសវត្សរ៍ ដែលការងាររបស់អង្គការមូលនិធិអាស៊ី ភាគច្រើនផ្តោតទៅលើគោលដៅធំៗចំនួនប្រាំ រួមមាន ការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ស្រ្តី ការលើកកម្ពស់កលានុវត្តភាពសេដ្ឋកិច្ច ការលើកកម្ពស់បរិស្ថាន និងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់អង្គការមូលនិធិអាស៊ី www.asiafoundation.org៕