(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យមន្ត្រីបន្តអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអង្គភាព ប្រជាពលរដ្ឋ និងជាតិមាតុភូមិ។
ការស្នើនេះធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងជូនមន្ត្រីរាជការសាលាខេត្ត មន្ទីរ និងអង្គភាពនៃខេត្តកំពត ដោយចូលរួមពីសំណាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធសរុបចំនួន ២៩៩នាក់។
ក្នុងពិធីនេះលោកអភិបាលខេត្ត ជាវ តាយ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់តេជោ ហ៊ុន សែន ដល់មន្ត្រីទាំងអស់ និងកងកម្លាំងប្រដាប់អាវុធដែលនៅក្នុងកម្មវិធីប្រកាសនេះ សូមឲ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់រាល់ភារកិច្ចដែលរដ្ឋបានប្រគល់ជូន។
លោកអភិបាលខេត្ត និងក្នុងនាមរដ្ឋបាលខេត្តកំពត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ក្នុងការខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលទើបទទួលតំណែងថ្មី ព្រមទាំងមន្ត្រីរាជការទាំងអស់ត្រូវរួមសហការល្អជាមួយថ្នាក់លើ ក៏ដូចជា សហការីក្រោមឱវាទទាំងអស់ អនុវត្តឲ្យបានល្អតាមតួនាទី ភារកិច្ចរបស់ខ្លួនតាមឋានានុក្រមការងារ ជាពិសេសអនុវត្តឲ្យបានល្អនូវប្រពៃណីសាមគ្គី ឯកភាពផ្ទៃក្នុង មានតម្លាភាព និងមានគណនេយ្យភាព។ ត្រូវបន្តពង្រឹងវប្បធម៌ចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីបញ្ហា ទុក្ខកង្វល់ និងសំណូមពរ ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ដោយជៀសវាងឲ្យបាននូវពាក្យថា «មន្ត្រីជើងដប់»។ ត្រូវពង្រឹងឆន្ទៈខ្ពស់ ក្នុងស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងសកម្មនូវតួនាទី ភារកិច្ច ដែលបានកំណត់។ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ដើម្បីឲ្យការអនុវត្តតួនាទី បំពេញភារកិច្ចការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។
យោងតាមដីការរបស់រដ្ឋបាលខេត្ត ត្រូវបានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃអង្គភាពចំណុះសាលាខេត្ត និងតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តមានចំនួន១០ សរុបចំនួន ៤០រូប ស្រី១៤រូប ក្នុងនោះថ្នាក់នាយកទីចាត់ការចំណុះសាលាខេត្តចំនួន ១រូប, ថ្នាក់នាយករងទីចាត់ការ សាលាខេត្តខេត្ត ចំនួន៤រូប, ថ្នាក់អនុប្រធានមន្ទីរ ចំនួន៤រូប, ថ្នាក់ប្រធានការិយាល័យ ចំនួន៦រូប និងថ្នាក់អនុប្រធានការិយាល័យចំនួន២៥រូប៕