(ភ្នំពេញ)៖ សាលារៀនអន្តរជាតិផារ៉ាហ្គន បានរៀបចំពិធីប្រគល់រង្វាន់ជយលាភីប្រចាំឆ្នាំសិក្សា ២០១៩-២០២០ ក្នុងគោលបំណងទទួលស្គាល់ និងប្រគល់រង្វាន់កិត្តិយស ចំពោះការខិតខំសិក្សារៀន សូត្ររបស់សិស្សានុសិស្សគំរូ ដែលសម្រេចបាននូវលទ្ធផលប្រសើរបំផុតពីការប្រឡង ភាសាអង់គ្លេសខេមប្រ៊ីជ ការប្រឡងវាយតម្លៃអន្តរជាតិខេមប្រ៊ីជ ការប្រឡងមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសិស្សពូកែថ្នាក់ជាតិ កាលពីឆ្នាំសិក្សា ២០១៨-២០១៩ កន្លងទៅ។
លោកបណ្ឌិត អ៊ាង សុផល្លែត រួមទាំងលោកស្រី ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាលកិត្តិយស និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុន ផារ៉ាហ្គនអេឌ្យូខេសិន ឯ.ក បានអញ្ជើញជាគណ: អធិបតី នាពិធីនេះ។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរំភើបរីករាយ ដោយសារមានវត្តមាន លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងភ្ញៀវកិត្តិយសជាច្រើននាក់ ដែលបានអញ្ជើញចូលរួមអបអរសាទរដល់សិស្សឆ្នើម ដែលបានឡើងវេទិកា ទទួលប័ណ្ណសរសើរ និងរង្វាន់កិត្តិយស។
សិស្សានុសិស្ស មកពីថ្នាក់បឋមសិក្សា ដែលបានប្រឡង Cambridge English និងពីវិទ្យាល័យសិក្សាដែលបានប្រឡង Cambridge Primary Checkpoint, Cambridge Secondary Checkpoint, Cambridge IGCSE និង Cambridge International AS/A Levels បានទទួលប័ណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ១៨,២២០ដុល្លារសហរដ្ឋអាមេរិក។
ជយលាភីអាហារូបករណ៍សិស្សពូកែ បានទទួលប័ណ្ណសរសើរ រង្វាន់ និងទឹកប្រាក់អាហារូបករណ៍ ដែលមានទឹកប្រាក់សរុប ៦៥,០៥០ដុល្លារសហរដ្ឋអាមេរិក។ រីឯជយលាភី ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ ក៏ទទួលបានប័ណ្ណសរសើរ កិត្តិយស និងប្រាក់រង្វាន់ឧបត្ថម្ភផងដែរ។
ក្នុងឱកាសនោះ សាលារៀនអន្តរជាតិផារ៉ាហ្គន បានថ្លែងអំណរគុណជាអនេកកប្បការ ចំពោះមាតាបិតាសិស្ស ដែលបានផ្ដល់ការគាំទ្រ ដើម្បីភាពជោគជ័យរបស់បុត្រធីតា និងជាពិសេសបុគ្គលដែលនៅពីក្រោយសមិទ្ធផលទាំងនេះ ពោលគឺ លោកគ្រូ អ្នកគ្រូ ដែលបានប្ដេជ្ញា និងប្រឹងប្រែងក្នុងការបង្ហាត់បង្រៀន ព្រមទាំងជួយតម្រង់ ការសិក្សារបស់សិស្សានុសិស្ស សម្រាប់ការអប់រំនៅសតវត្សរ៍ទី២១នេះ៕