(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា រយៈពេល៧ឆ្នាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការហ្វឹកហ្វឺនកូនជាង នៅតាមសហគ្រាសគ្រឹះស្ថានសរុបជាង១១ម៉ឺននាក់។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ពេជ សោភ័ន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គសិក្ខាសាលា ស្តីពី «ការផ្តល់សុពលភាព និងការយល់ព្រម លើសេចក្តីព្រាងនីតិវិធី ការហ្វឹកហ្វឺនកូនជាងនៅកម្ពុជា លើកទី២» នៅភោជនីដ្ឋានទន្លេបាសាក់ទី២ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១៣ ដល់ខែសីហា ឆ្នាំ២០១៩ ក្រសួងបានធ្វើការហ្វឹកហ្វឺនកូនជាង នៅតាមសហគ្រាសគ្រឹះស្ថាន សរុបចំនួន ១១៦,០៣៦នាក់ ស្រី៨៥,៤៨១នាក់»។
លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា «ការហ្វឹកហ្វឺនកូនជាង គឺជាមធ្យោបាយមួយ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកធ្វើការ បានសេចក្តីថា មុននឹងចូលធ្វើការ គឺត្រូវទទួលការហ្វឹកហ្វឺន តាមរយៈនីតិវិធីរបស់គេ មានស្តង់ដារច្បាស់លាស់ ក្នុងនោះរួមមាន ទាំងប្រាក់ទទួល គឺមានចែងទាំងអស់ ហើយការបណ្តុះបណ្តាលនៅពេលចប់ទៅ ត្រូវមានទទួលវិញ្ញាបណ្ណបត្រ -ល-»។
លោកបន្ដទៀតថា ដូច្នេះនេះជាកំណែទម្រង់ ដើម្បីនីតិវិធីការហ្វឹកហ្វឺនកូនជាង មានចែងក្នុងច្បាប់ស្តីពីការងាររបស់យើង សម្រាប់រោងចក្រសហគ្រាស ដែលអាចអនុវត្ត ក្រោមច្បាប់ស្តីពីការងារ ហើយការអនុវត្តកន្លងមក យើងនៅមិនទាន់ មាននីតិវិធីសមស្របតាមស្តង់ដារអន្តរជាតិ ក្នុងតំបន់នៅឡើយ ដូច្នេះបានជាយើងខិតខំរកដៃអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា ក្នុងការអភិវឌ្ឍន៍ឲ្យទៅតាមស្តង់ដារមួយ ដែលមានជាយានមួយទៅជាអន្តរជាតិ។
ជាមួយគ្នានោះ មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ រូបនេះ បានឲ្យដឹងថា គម្រោងអភិវឌ្ឍនីតិវិធីការហ្វឹកហ្វឺន កូនជាងនៅកម្ពុជានេះ ពិតជាមានគុណតម្លៃយ៉ាងខ្លាំង ចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសសម្រាប់ការអនុវត្តការហ្វឹកហ្វឺន កូនជាងប្រកបដោយគុណភាពនាពេលអនាគត។
លោកបណ្ឌិត ក៏សង្ឃឹមថា ក្រោយពីបញ្ចប់គម្រោងអភិវឌ្ឍនីតិវិធីការហ្វឹកហ្វឺនកូនជាងនៅកម្ពុជា ភាគីពាក់ព័ន្ធ និងជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) នឹងបន្តជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ដើម្បីកែសម្រួលនីតិវិធីហ្វឹកហ្វឺន កូនជាងឲ្យស្របតាមបរិបទកម្ពុជា និងបន្តផ្សព្វផ្សាយលើគម្រោងនីតិវិធីការហ្វឹកហ្វឺនកូនជាងនៅកម្ពុជា ។
សូមបញ្ជាក់ថា សិក្ខាសាលា ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើការបង្ហាញ ផ្តល់សុពលភាព ការយល់ព្រម និងទិសដៅបន្តក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយលើសេចក្តីព្រាងនីតិវិធី ការហ្វឹកហ្វឺនកូនជាងនៅកម្ពុជា ក្នុងន័យពង្រឹងគុណភាព និងការអនុវត្តការហ្វឹកហ្វឺនកូនជាង ផ្សារភ្ជាប់ទៅនឹងក្របខណ្ឌគុណវុឌ្ឍជាតិ។
សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO)៕