(ភ្នំពេញ)៖ លោកតា យ៉ែម សៀន អាយុ៧២ឆ្នាំ ដែលមានជំងឺប្រចាំកាយ ដែលមានភរិយា គឺលោកយាយ ឡូត ផាច អាយុ៦៨ឆ្នាំ មានមុខរបរដើរបេះបន្លែលក់ និងស៊ីឈ្នួលច្រកស្វាយឱ្យគេ រស់នៅភូមិបត់តាជី១ ស្រុកព្រែកហូរ ខណ្ឌតាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មានកូនបួននាក់ ប្រុស២នាក់ និងស្រី២នាក់ បានសម្ដែងនូវក្ដីរំភើបសប្បាយរីករាយ លាយឡំជាមួយទឹកភ្នែក ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជួយបំពេញក្ដីស្រៃរបស់ពួកគាត់ ដែលចង់បានត្រឹមផ្ទះស្អាតតូចមួយ ដើម្បីងាយស្រួលជ្រកកោនពេលភ្លៀងផ្គរ រងា ក្ដៅ ដូចគេឯង មុននឹងលាចាកលោកនេះទៅ។
លោកតា យ៉ែម សៀន និងគ្រួសារ បានថ្លែងថា «ពីមុនគ្រួសាររបស់ខ្ញុំ រស់នៅក្នុងរោងប្រកសង្ក័សី តែដោយក្ដីយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសអ្នកម្ដាយមនុស្សធម៌ ជួយបំពេញក្ដីស្រមៃរបស់ពួកយើង ដែលធ្លាប់តែប៉ងប្រាថ្នា ដែលនឹកស្មានមិនដល់បានកើតឡើង និងលេចចេញជារូបរាងនឹងភ្នែកសោះ។ យើងខ្ញុំទាំងអស់គ្នា សប្បាយចិត្ដរកអ្វីប្រៀបផ្ទឹមមិនបានទេ ខ្ញុំមិននឹកស្មានដល់ទេ សប្បាយណាស់រំភើបណាស់ កូនចៅទាំងអស់ បានលាផុតពីក្ដីលំបាក ការភ័យព្រួយ ក្ដៅរងាដូចមុនទៀតហើយ។ កូនចៅអរគុណអ្នកម្ដាយណាស់ ជួយកូនចៅឱ្យមានផ្ទះនៅស្អាត អាចច្រកភ្លៀង ក្ដៅ រងាដូចគេឯង»។
ការលើកឡើងបែបនេះ របស់លោកតា យ៉ែម សៀន ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកប្រគល់ផ្ទះ ថ្មមួយខ្នងទំហំ ៤ម៉ែត្រ គុណនឹង១២ម៉ែត្រ ក្នុងដីទំហំ ៦គុណនឹង២០ម៉ែត្រ ដែលផ្ទះនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ និងរួចរាល់ និងប្រគល់ជូនផ្ទាល់ ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកតា យ៉ែម សៀន បានថ្លែងថា «មាតាមនុស្សធម៌ ជាម្ដាយដ៏មានព្រហ្មវិហារធម៌ ដែលជួយសង្គ្រោះកូនចៅគ្រប់ៗគ្នា ក្នុងនោះបានជួយដល់គ្រួសារខ្ញុំ ដោយមិនត្រឹមជួយផ្ដល់ថវិកាសាងសង់ផ្ទះ ដ៏ស្រស់ស្អាតនោះទេ ថែមទាំងជួយផ្គត់ផ្គង់ការខ្វះខាត ជាលុយកាក់ ស្បៀងអាហារថែមទៀតផង ដែលធ្វើឱ្យកូនចៅទាំងអស់គ្នាត្រេកអរ រកអ្វីប្រៀបបានឡើយ។ ជាពិសេស អ្នកម្ដាយអញ្ជើញមកដោយផ្ទាល់ ដើម្បីដឹងសុខទុក្ខ កូនចៅទៀត យើងខ្ញុំទាំងអស់គ្នា មិនដែលស្រមៃគិតថា នឹងមានថ្ងៃនេះឡើយ អរផង យំផង សើចផង ដៃជើងឡើងញ័រអស់ហើយ»។
លោកតា យ៉ែម សៀន បានថ្លែងបន្ដថា «យើងខ្ញុំស្រលាញ់ និងគោរព លោកឪពុក អ្នកម្ដាយ (សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន), សម្ដេចតែងតែយកចិត្ដទុក្ខដាក់ ដល់កូនចៅទាំងអស់គ្នា មិនថាក្រខ្សត់ដូចជារូបខ្ញុំទេ លោកតែងតែមេត្ដា ករុណា ដល់ពួកយើងគ្រប់គ្នា ដែលជាថ្នាក់ដឹកនាំគិតគូរ ដល់ប្រជាពលរដ្ឋគ្រប់ពេល ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ គឺលោកជួយទាំងអស់ ពិសេសពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា គ្មានទីពឹង ក្មេងកំពា្រ និងពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្ដរាយនានា គឺឃើញវត្ដមាន អ្នកម្ដាយ លោកឪពុក ចុះមកជួយជានិច្ច។ ជាក់ស្ដែងដូច ក្រុមគ្រួសាររបស់យើងខ្ញុំ ពេលនេះបានរួចផុតពីទុក្ខលំបាកទៀតហើយ កូនចៅប្រជាពលរដ្ឋ សូមលើកដៃបន់ស្រន់ដល់ទេវតាក្នុងលោក ជួយប្រសិទ្ធិពរ ដល់អ្នកមានគុណ មានសុខភាពរឹងមាំបូរិបូណ៌ អាយុវែង ដើម្បីបន្ដដឹកនាំប្រទេសប្រកបដោយសន្ដិភាពនេះរហូតទៅ» ។
ក្នុងឱកាស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ផ្ទះជូនដល់គ្រួសារលោកតា យ៉ែម សៀនហើយ ថែមទាំងឧបត្ថម្ភថវិកា ៥លានរៀលបន្ថែមទៀត ពីថវិកាលើកមុន១០លានរៀល។ ជាងនេះទៅ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានណែនាំដល់ដល់កូនចៅប្រុសស្រីទាំងអស់ ត្រូវខិតខំរៀនសូត្រ និងប្រឹងប្រែងធ្វើការងារ ជាពិសេសត្រូវមើលថែឪពុកម្ដាយឱ្យបានល្អ ។ លើសពីនោះ កុំសេពគ្រឿងញៀន កុំប្រព្រឹត្ដល្បែងស៊ីសង និងត្រូវធ្វើជាពលរដ្ឋគំរូ នៅក្នុងភូមិស្រុកផងដែរ។
សូមជម្រាបថា លោកតា យ៉ែម សៀន ជាអតីតទ័ពជើងគោកមួយរួប ដែលបម្រើប្រទេសជាតិចាប់ឆ្នាំ១៩៨២ រហូតដល់ឆ្នាំ២០១២ ។ ដោយមានជំងឺប្រចាំកាយច្រើនមុខផង ធ្វើឱ្យជីវភាពងាយគ្រួសារ កាន់តែមានជីវភាពលំបាក ដោយរស់នៅក្នុងរោងផ្ទះផ្ទាល់ដី ប្រក់សង្ក័សី ដែលធ្វើឱ្យគាត់គ្មានក្ដីសង្ឃឹមថា នឹងមានផ្ទះតូចមួយខ្នងល្អស្អាត រស់នៅដូចគេ ដែលរស់នៅជាមួយតែក្ដីព្រួយបារម្ដ និងភាពភ័យខ្លាច ពេលដែលលោកលាចាលោកនេះទៅ កូនគាត់កាន់តែវេទនា គ្មានជម្រកល្អស្អាតទុក្ខឱ្យប្រពន្ធកូន តែដោយមានគិតគូរគ្រប់ជ្រកល្ហក ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសភរិយានាយករដ្ឋមន្ដ្រីកម្ពុជា ដែលជាមាតាមនុស្សធម៌ ដែលមិនទុក្ខឱ្យពលរដ្ឋណាម្នាក់ មិនទទួលបានការយកចិត្ដទុកដាក់ និងមើលថែពីលោកឡើយ៕