(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ លោក Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានបង្ហាញឲ្យឃើញនូវបំណងមេត្រីភាព និងសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «កម្ពុជាសូមស្វាគមន៍ចំពោះវត្តមាន នៃការអញ្ជើមមកដល់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy ជាតំណាងប្រជាជាតិអាមេរិក ប្រចាំកម្ពុជា។ វត្តមាននេះ នៅតែបង្ហាញបំណងមេត្រីភាព និងសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ដោយឈរលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពជារួម»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនៅតែបង្ហាញជំហរយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក។ កិច្ចសហការជិតស្និទ្ធ និងជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរនេះ នៅតែបង្ហាញភាពសកម្ម និងជិតស្និទ្ធជាច្រើនវិស័យ ដូចក្នុងវិស័យដោះមីន និងវិស័យអប់រំ កសិកម្ម បេតិកភណ្ឌ និងរួមគ្នាប្រឆាំងអំពើភេរវកម្មជាដើម។
លោកបន្តថា «ផ្លែផ្កានៃបេសកកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីនេះ គឺជាបំណងដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ រវាងប្រជាជាតិទាំងពីរ»។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ថា ការបកស្រាយរបស់បណ្តាញសារព័ត៌មានមួយចំនួន ដែលធ្វើឱ្យមានការភ័នច្រឡំពីអ្វីដែលជាខ្លឹមសារនៃ សន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ លោកថា ផលប្រយោជន៍ និងទស្សនៈយល់ឃើញរបស់អ្នកសិក្សាស្រាវជ្រាវ ដែលបានលើកឡើង នៅសន្និសីទសារព័ត៌មាននោះ គឺគ្រាន់តែជាសិទ្ធិនៃការបញ្ចេញយោបល់ មិនមែនជាជំហរ របស់រាជរដ្ឋាភិបាលឡើយ ។
ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏សូមស្វាគមន៍ និងប្រសិទ្ធិពរជ័យជូន លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងបេសកកម្មការទូតនៅកម្ពុជា។
សូមបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតថ្មី Patrick Murphy និងភរិយារបស់ខ្លួន បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt៕