(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានលើកឡើងថា ក្នុងរយៈពេល២៦ឆ្នាំ នៃអត្ថិភាពរបស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មកដល់ពេលនេះ ទោះត្រូវឆ្លងកាត់បរិបទនយោបាយដ៏លំបាកស្មុគ្រស្មាញក្នុងកាលៈទេសៈខ្លះក្តី ពិសេសក្នុងពេលបោះឆ្នោតម្តងៗ តែថ្នាក់ដឹកនាំរដ្ឋមានគោលជំហររឹងមាំ និងឈ្លាសវៃ ក្នុងការគោរពអនុវត្តរដ្ឋធម្មនុញ្ញ បានយ៉ាងខ្ជាប់ខ្ជួន។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ដើម្បីអបអរសាទរខួបលើកទី២៦ ទិវាប្រកាសរដ្ឋធម្មនុញ្ញ (១៩៩៣-២០១៩) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អ៉ឹម ឈុនលឹម បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទសជាតិ រហូតមកដល់ពេលនេះ បានធ្វើវិសោធនកម្មចំនួន០៨លើក ប៉ុន្ដែការធ្វើវិសោធនកម្មនេះ ក៏នៅរក្សាបានស្មារតីដែលសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ បានសរសេរចារិកទុកមក។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការបូកសរុបថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ទាំង០៨លើក បានគោរពទាំងស្រុងនូវបញ្ញត្តិទាំងឡាយ ដែលមានចែងក្នុងអត្ថបទនៃរដ្ឋធម្មនុញ្ញផ្ទាល់ ជាការកំណត់ ហាមមិនឲ្យកែប្រែ (limites à la révision) ដែលអាចមាន០៣ប្រភេទ៖ ប្រភេទទី១៖ ទាក់ទងនឹងខ្លឹមសារ (limites de fond), ប្រភេទទី២៖ ទាក់ទងនឹងពេលវេលា (limites temporelles) និងប្រភេទទី៣៖ ទាក់ទងនឹងលក្ខខណ្ឌនៃទម្រង់ ឬលក្ខខណ្ឌនៃនីតិវិធី (conditions de forme ou de procedure)។
ក្រៅពីគោលការណ៍ ស្តីពីដែនកំណត់ និងលក្ខខណ្ឌកំណត់ខាងលើ ដែលអត្ថបទរដ្ឋធម្មនុញ្ញបានចែង ក៏នៅមានបទប្បញ្ញត្តិ ជាគោលការណ៍គ្រឹះមួយចំនួនទៀត ដែលពុំបានចែងច្បាស់ ដូចប្រភេទទាំង០៣ខាងលើទេ តែគោលការណ៍ទាំងនោះ ត្រូវបានស្ថាប័នរដ្ឋទាំង០៣របស់យើងអនុវត្ត យ៉ាងខ្ជាប់ខ្ជួន ដោយធ្វើឲ្យគោលការណ៍ទាំងនោះ ក្លាយទៅជាប្រព័ន្ធច្បាប់ទាំងឡាយជាធរមាន បង្កើតបាននូវបរិស្ថានគតិយុត្តគាំទ្រ ដល់កិច្ចការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យប្រកប ដោយមនុញ្ញផលយ៉ាងធំធេង ដូចយើងឃើញជាក់ស្តែងមកដល់ពេលនេះ។
លោក អ៉ឹម ឈុនលឹម បានបន្ថែមថា តាមរយៈការធ្វើវិសោធនកម្មលើមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ ក្នុងលក្ខណៈចាំបាច់បំផុត និងការធ្វើវិសោធនកម្មមាត្រាច្បាប់ ពាក់ព័ន្ធខ្លះ បានធ្វើឲ្យបញ្ហាមួយចំនួន ដែលសភាធម្មនុញ្ញមិនអាចព្យាករណ៍ បាននៅពេលនោះ ត្រូវបានដោះស្រាយធ្វើឲ្យស្ថាប័នជាតិទាំង មូលដំណើរការប្រព្រឹត្ត ទៅជាប្រក្រតី។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សម្រាប់បណ្តាប្រទេសទូទៅ គឺជាវិធានធម្មតាទៅហើយ ដើម្បីធ្វើឲ្យរដ្ឋធម្មនុញ្ញ បន្តអត្ថិភាពរបស់ខ្លួនលើសង្គម មួយដែលមានការវិវត្តរីកចម្រើន។
ជាមួយគ្នានេះ លោក អ៊ឹម ឈុនលឹម បានលើកឡើងថា ក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ លើកទី៨នេះ បានបន្តកិច្ចការជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងឋានៈជាស្ថាប័នកំពូលមួយរបស់ជាតិ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញស្របតាម បទប្បញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ក្នុងស្មារតីនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានដាក់ចេញនូវគុណតម្លៃរបស់ខ្លួនចំនួន៣ រួមមាន៖ ទី១៖គោរពនីតិរដ្ឋ, ទី២៖ការពារឯករាជ្យភាព ស្ថាប័ន និងទី៣៖អនុវត្តអព្យាក្រឹត្យភាព ដែលជាទស្សនៈវិស័យត្រូវប្រកាន់យកយ៉ាងខ្ជាប់ខ្ជួនរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការលើកកម្ពស់នីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា។
ដើម្បីសម្រេចគោលដៅ នៃគុណតម្លៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានដាក់ចេញនូវគោលគំនិត៣ធំៗ សម្រាប់ការអនុវត្តនូវគុណតម្លៃនេះគឺ៖
*ទី១៖ លើកកម្ពស់សុក្រឹតភាពនិយម ក្នុងការអនុវត្តសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
*ទី២៖ ពង្រឹងការជឿជាក់ និងការទុកចិត្តក្នុងចំណោមមជ្ឈដ្ឋានសាធារណៈ
*ទី៣៖ បញ្ជ្រាបគោលការណ៍រដ្ឋធម្មនុញ្ញនិយម ក្នុងការយល់ដឹងរបស់មជ្ឈដ្ឋានសាធារណៈ ដែលគោលគំនិតនេះ ស្របទៅនឹងគោលការណ៍នៃសន្តិសុខគតិយុត្តិ (securité juridique) ដែលជាទស្សនទានគតិយុត្តមួយតម្រូវឲ្យច្បាប់ទាំងឡាយត្រូវមានលក្ខណៈ សម្បត្តិសំខាន់ៗ៣យ៉ាងគឺ ទី១៖ភាពច្បាស់លាស់, ទី២៖ភាពងាយយល់ និងទី៣៖ ភាពអាចអនុវត្តបាន (accessible) ដែលចំណុចទាំងបីនេះ ទាមទារឲ្យមានការផ្សព្វផ្សាយច្បាប់ឲ្យបានទំលំទូលាយ គឺស្មារតីនេះហើយដែលជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតបឋមសិក្សា ដល់មធ្យមសិក្សា នូវបទប្បញ្ញត្តិគ្រឹះទាំងឡាយនៃរដ្ឋធម្មនុញ្ញ៕