(សៀមរាប)៖ សាលាអន្តរជាតិ ស្មាធ-ឃីដ (Smart Kids International School) បានចាត់ទុកថា ការចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ដល់សិស្សជិត២,០០០នាក់ គឺជាជោគជ័យមួយ ក្នុងតម្លៃដែលរាជរដ្ឋាភិបាល បានទទួលស្គាល់លើវិស័យឯកជន គឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន និងការប្រកាន់គោលជំហរ ការវិនិយោគលើវិស័យអប់រំ គឺមិនមែនជាការធ្វើអាជីវកម្ម។
នៅក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ដល់សិស្សនាពេលនេះ បានធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ លោក ណាវ ចាន់ថា នាយកចាត់ការទូទៅ សាលាអន្តរជាតិ ស្មាធ-ឃីត បានលើកឡើងថា ឆ្លើយតបទៅនឹងគុណតម្លៃ ដែលរាជរដ្ឋាភិបាលបានចាត់ទុកថា វិស័យឯកជន គឺជាដៃគូអភិវឌ្ឍន៍ ដែលមិនអាចខ្វះបានក្នុងដំណើរនៃការកសាង ពង្រីក និងពង្រឹងវិស័យអប់រំសិក្សាធិការជាតិ សាលាអន្តរជាតិ ស្មាធ-ឃីដ បានផ្តោតជាសំខាន់ទៅលើ មនសិកាវិនិយោគ ជាជាងការធ្វើអាជីវកម្មលើវិស័យអប់រំ និងបានអនុវត្តនូវសមីការអប់រំរបស់សាលា ដែលចែងថា (គុណភាព សិស្សជាធាតុផ្សំនៃចំណេះដឹង ចំណេះធ្វើ សីលធម៌ និងភាពមានទំនុកចិត្តលើខ្លួនឯង)។
លោកនាយក បានលើកឡើងយ៉ាងដូច្នេះស្របពេលសាលាអន្តរជាតិ ស្មាធ-ឃីត សម្រេចបានជោគជ័យ ក្នុងការផ្ទេរចំណេះដឹងឲ្យសិស្ស ប្រមាណជិត២,០០០នាក់ ចាប់ពីអាយុ២ឆ្នាំកន្លះ ដល់១៨ឆ្នាំ ដែលកំពុងទទួលយកការសិក្សាក្នុងសាលាទាំង៣សាខា នៅក្រុងសៀមរាប ហើយសិស្សទាំងអស់បានទទួលវិញ្ញាបនបត្រ បញ្ចប់ឆ្នាំសិក្សា២០១៨-២០១៩ អមជាមួយដោយប័ណ្ណសរសើរ ក្នុងនោះក៏មានសិស្សឆ្នើម និងសិស្សពូកែ បានទទួលអាហារូបករណ៍ បញ្ចុះតម្លៃសិក្សា ពី១០% ដល់៣០%ផងដែរ។
សិស្សបានទទួលនូវចំណេះដឹង និងបង្ហាញនូវសមត្ថភាព ទាំងភាសាខ្មែរ ភាសាចិន និងជាភាសាអង់គ្លេស វាជាការឆ្លុះបង្ហាញថា ពួកគាត់កំពុងបានទទួល ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមសមីការអប់រំរបស់សាលា ប្រកបដោយគុណភាព។ រាល់សមត្ថភាព និងការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន ពិតជាបានឆ្លើយតបទៅនឹងគុណូបការៈរបស់មាតាបិតា អាណាព្យាបាលរបស់ពួកគេ ដែលបានព្យាយាម និងផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រចំណេះវិជ្ជា។
សូមបញ្ជាក់ថា រាល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ដែលត្រូវចែកជូនដល់សិស្សជិត២,០០០នាក់នោះ រួមមាន៖ សិស្សបឋមសិក្សាចំណេះទូទៅភាសាខ្មែរ, សិស្សកម្រិតមុនមតេយ្យ ដល់ថ្នាក់ទី៤, ចំណេះទូទៅភាសាអង់គ្លេស និងសិស្សកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី៤ ភាសាចិន។ ក្នុងនោះ រួមមានជ័យលាភីសិស្សឆ្នើម ប្រចាំសាលា និងសិស្សពូកែផងដែរ៕