(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងបុរីសុភមង្គល នៅតាមបណ្ដោយផ្លូវ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានធ្វើការរិះគន់ខ្លាំងៗទៅកាន់ម្ចាស់បុរី ដែលតម្រូវឲ្យប្រជាពលរដ្ឋបង់ថ្លៃសេវាសន្ដិសុខជារៀងរាល់ខែ ប៉ុន្ដែបែរជាគ្មានសន្ដិសុខយាមកាម និងកាមេរ៉ាសុវត្ថិភាព នាំឲ្យមានអ្នកចេញចូលដោយសេរី ហើយធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិអ្នករស់នៅខាងក្នុងអស់ជាច្រើន។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ចោរមួយក្រុមបានចូលធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋនៅខាងក្នុងនោះ ដោយយកអស់ទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ ប៉ុន្ដែរហូតមកដល់ពេលនេះ គ្មានភាគីខាងម្ចាស់បុរីសុភមង្គល ចេញមកទទួលខុសត្រូវ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងលំនៅឋានក្នុងបុរីសុភមង្គល ហាក់មានការងឿងឆ្ងល់ថា តើលុយដែលពួកគាត់បង់ថ្លៃសេវាសន្ដិសុខជារៀងរាល់ខែ ក្រុមហ៊ុនយកទៅធ្វើអី បានជាមិនដែលឃើញមាន សន្ដិសុខយាមកាម ឬបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពអ្នករស់នៅខាងក្នុងយ៉ាងដូច្នេះ?។ បន្ថែមពីនេះប្រជាពលរដ្ឋក៏ស្នើដល់ សមត្ថកិច្ច ពិសេសអធិការខណ្ឌជ្រោយចង្វារ ជួយពិនិត្យនិងស្រាវជ្រាវករណីនេះផង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលត្រូវចោរលួចទ្រព្យសម្បត្តិនោះ បានអះអាងថា លោកបានដាក់ពាក្យបណ្ដឹងទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារដែរ ហើយត្រូវបានអធិការប្រាប់មកវិញថា បានកោះហៅម្ចាស់បុរីរួចរាល់ហើយ ប៉ុន្ដែម្ចាស់បុរីថា រវល់មិនអាចចូលតាមការកោះហៅបាននោះទេ។
យ៉ាងណាក៏ដោយ គិតមកត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺ ឬការបកស្រាយណាមួយបាននៅឡើយទេ ពីខាងភាគីម្ចាស់បុរីសុភមង្គល៕