(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំរាជធានីភ្នំពេញ បានកោតសរសើរប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ហើយសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយដូចបច្ចុប្បន្ន។
ទូតថ្មីជប៉ុនបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលប្រមុខការទូតកម្ពុជា អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើសន្និសីទសារព័ត៌មានស្តីពីជំនួបនេះ។
លោក កេត សោផាន់ បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន យ៉ាងដូច្នេះថា៖ «លោក (ឯកអគ្គរដ្ឋទូត) បានសម្តែងនូវភាពស្ញប់ស្ញែង និងកោតសរសើរដល់ការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា។ លោកបានបញ្ជាក់ថា លោកសូមកោតសរសើរ ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លងកាត់ការលំបាកនានា នៅក្នុងប្រវត្តិសាស្ត្រ ហើយសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយក្នុងកម្រិតបច្ចុប្បន្ននេះ ហើយលោកសុំសម្តែងការអបអរសាទរ ចំពោះការអភិវឌ្ឍទាំងនេះ»។
តបនឹងការលើកឡើងរបស់ភាគីជប៉ុន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍ ចាប់ផ្តើមតាំងពីដំណើរការស្វែងរកសន្តិភាពកម្ពុជា រហូតដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាដូចបច្ចប្បន្ននេះ។ លោកថ្លែងថា មិត្តភក្តិជប៉ុន ដែលធ្លាប់ឆ្លងកាត់សង្រ្គាមដូចគ្នា បានយល់ច្បាស់ពីការលំបាករបស់កម្ពុជា។
បើតាមអ្នកនាំពាក្យដដែល ប្រមុខការទូតបានប្រាប់ទៅឯកអគ្គរាជទូតជប៉ុនថ្មីទៀតថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាកំពុងតែទទួលបាន នូវសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ហើយទិដ្ឋភាពនេះកើតឡើង តាមរយៈការឆ្លុះបញ្ចាំងតាមការបោះឆ្នោត កាលពីឆ្នាំ២០១៨ ដែលប្រជាពលរដ្ឋ ៨៣.២ភាគរយ បានអញ្ជើញទៅបោះឆ្នោត ដោយមាន៧៧ភាគរយ បានគាំទ្រដល់កម្មវិធីនយោបាយ និងកម្មវិធីអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា។ នេះមានន័យថា គឺជាការបដិសេធ ពីការអំពាវនាវរបស់អតីតបក្សប្រឆាំង ដែលឱ្យប្រជាពលរដ្ឋ ធ្វើពហិការមិនទៅបោះឆ្នោត៕