(ភ្នំពេញ)៖ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងនោះគឺការអនុវត្តគោល នយោបាយ កម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះក្នុងសង្គម និងការបង្កើតរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន សំដៅធានាដល់ការជួយសម្រួលស្ថានភាពជីវភាព និងការរស់នៅរបស់បងប្អូនអតីតមន្ត្រី រាជការស៊ីវិល និងអតីតយុទ្ធជន តាមរយៈការ ដំឡើងប្រាក់សោធន ការផ្តល់របបគោលនយោបាយ និងការផ្តល់សេវាសង្គមផ្សេងៗទៀត ផ្អែកតាមស្ថានភាពនៃការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា។
នេះជាការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតសម្បទា ថ្លែងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ នៃការអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា និងទិសដៅ អនុវត្តបន្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី២៣ ខែកញ្ញា ឆ្ នាំ២០១៩។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ក្រៅពីសមិទ្ធផលធំៗខាងលើ ថ្មីៗនេះក្រសួងក៏បានសម្រេចនូវសមិទ្ធផលសំខាន់ៗ រួមមាន៖
*ទី១៖ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដែលជាសមិទ្ធផលថ្មី មួយទៀតរបស់រាជរដ្ឋាភិបាល អាណត្តិទី៦។ ជាការពិតយើងធ្លាប់មានមន្ទីរពេទ្យវិបល្លាស ដែលយើងតែងតែហៅថា មន្ទីរពេទ្យព្រែកត្នោត ប៉ុន្តែពេលនេះ មន្ទីរពេទ្យនេះ ពុំមានផ្តល់សេវា របៀបនេះទៀតទេ។ ទន្ទឹមនឹងនេះ ក្រសួងក៏មានគម្រោងសាងសង់មជ្ឈ មណ្ឌលស្តារយុវនីតិសម្បទា ដើម្បីផ្តល់នូវការអប់រំ បណ្តុះបណ្តាល និង ស្តារនីតិសម្បទាអនីតិជនដែលល្មើសនឹងច្បាប់ មុនធ្វើសមាហរណកម្ម ទៅសហគមន៍ និងគ្រួសារវិញ ស្របតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
*ទី២៖ កម្ពុជា បានក្លាយជាសមាជិកទី២៦នៃប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងជាប្រទេសទី៤ នៅក្នុងតំបន់ដែល បានក្លាយជាប្រទេសនាំមុខបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និង ម៉ុងហ្គោលី។ ការចូលជាសមាជិកនៃប្រទេសដៃគូសកលដើម្បីបញ្ចប់អំពើ ហិង្សាលើកុមារគឺជាការបោះជំហានថ្មីមួយទៀតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយបណ្តាប្រទេសជាសមាជិក ដ៏ទៃទៀតក្នុងសកលលោក ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការលុប បំបាត់អំពើហិង្សាលើកុមារ និង អំពើរំលោភបំពានផ្សេងៗមកលើកុមារ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវការអនុវត្តសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ។
*ទី៣៖ ក្រសួងបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ក្នុងគោលបំណង កំណត់អាទិភាពជាយុទ្ធសាស្ត្រក្នុងវិស័យពិការភាពសម្រាប់ធ្វើការបន្ស៊ី បញ្ជ្រាប និងដាក់បញ្ចូល បញ្ហាពិការភាពទៅក្នុងគ្រប់វិស័យ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និង មានសង្គតិភាពជាមួយយុទ្ធសាស្ត្រទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌគោល នយោបាយជាតិគាំពារសង្គម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងរបៀបវារៈឆ្នាំ២០៣០ ដោយប្តេជ្ញាចិត្ត ថា “មិនមាននរណាម្នាក់ត្រូវបានទុកចោល” ដើម្បីលើកកម្ពស់សិទ្ធិ សេរីភាព និងការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ ការរើសអើងជនមានពិការភាព ពិសេសការគិតគូរអំពីការស្តារកាយ សម្បទា សតិបញ្ញា និងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងធានា លទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពគ្រប់សកម្មភាព នានាក្នុងសង្គម រួមទាំងការពង្រីកវិសាលភាពនៃការឧបត្ថម្ភរបបគោល នយោបាយដល់ជនពិការក្រីក្រតាមបណ្តារាជធានី ខេត្តទៀតផង។
*ទី៤៖ បាននិងកំពុងត្រៀមដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកថែទាំមនុស្សចាស់នាពេលដ៏ខ្លីខាងមុខ គឺជាជំហានថ្មី មួយទៀតក្នុងការលើកកម្ពស់សុខុមាលភាពមនុស្សចាស់ ពោលគឺផ្តល់ភាពកក់ក្តៅដល់មនុស្សចាស់ដែលគ្មានទីពឹង។
*ទី៥៖ បានដាក់ឱ្យដំណើរការមណ្ឌលសំចតប៉ោយប៉ែត សំដៅធានា ការគ្រប់គ្រងជនចំណាកស្រុក តាមរយៈការផ្តល់ប្រឹក្សាយោបល់ និងសេវា ចាំបាច់នានាមុនវិលត្រឡប់ទៅស្រុកកំណើត និងក្រុមគ្រួសារវិញ។
*ទី៦៖ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន “កែវផុស” ឱ្យបានឆាប់ ដើម្បីអាចទទួលយកជនរងគ្រោះដោយគ្រឿងញៀន តាមផែនការដែលបានគ្រោងទុក។
*ទី៧៖ បាននិងកំពុងត្រៀមលក្ខណៈ អនុវត្តបន្តកម្មវិធីផ្ទេរសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំក្នុងគ្រួសារក្រីក្រ បន្ទាប់ពី ក្រសួងសុខាភិបាល។
ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលបានលើកឡើងខាងលើនេះ យើងនៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឱ្យយើងរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយដូចជា បញ្ហាទឹកជំនន់ ការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់ គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្ត្រជាដើម។ល។
លោក វង សូត បានបង្ហាញការរំពឹងទុកថា កិច្ចប្រជុំរបស់យើងនឹងលើកយក នូវបញ្ហាប្រឈមនានា និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសទិសដៅដែល ត្រូវអនុវត្តបន្តឱ្យមានភាពជាក់លាក់ បន្ទាប់ពីស្តាប់នូវបទអន្តរាគន៍របស់ អង្គភាពជំនាញ និងមន្ទីរសង្គមកិច្ចរាជធានី-ខេត្តមួយចំនួន ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងមានផែនការសកម្មភាពច្បាស់លាស់ ដែលជាមូលដ្ឋានឈានទៅសម្រេចការងារ ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។
គួរបញ្ជាក់ថា កម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ គ្របដណ្តប់ដោយភាពក្រីក្រ និងកង្វះខាតស្បៀងអាហារ តែពេលនេះ កម្ពុជា បានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ស្ថានភាពនៃ ជីវភាពប្រជាជនទូទៅបន្តមានភាពល្អប្រសើរ ដោយកំណើនផលិតក្នុងស្រុក សរុបជាមធ្យមសម្រាប់មនុស្សម្នាក់កើនដល់ ១៦៧៩ ដុល្លារ រីឯអត្រានៃ ភាពក្រីក្រកំពុងបានកាត់បន្ថយមកក្រោម១០%។ កត្តាទាំងនេះ បាន ប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងមានទិសដៅប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០។ លទ្ធផលដែលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង ប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៕