(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រារព្វទិវាមឆ្ឆាជាតិ ០១កក្កដា ឆ្នាំ២០១៩ ស្ថិតនៅស្រះជម្រកត្រីសហគមន៍ទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុង-ខេត្តព្រះវិហារ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានដាក់ចេញវិធានការតឹងរឹងបំផុត ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវលុបបំបាត់ចំពោះការប្រើប្រាស់ ប្រភេទឧបករណ៍នេសាទខុសច្បាប់នានាឲ្យមានប្រសិទ្ធិភាព។
ពិធីនេះស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរ អង្គភាព មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដា គឺជាថ្ងៃបិទនេសាទទូទាំងប្រទេស ដើម្បីឲ្យមេត្រីបានពងកូនបន្តពូជសម្រាប់ឆ្នាំក្រោយៗទៀត។ ដោយហេតុនេះហើយ ទើបយើងសម្រេចជ្រើសរើសយកថ្ងៃទី០១ ខែកក្កដានេះ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្វពិធីដូចមានចែងក្នុងមាត្រា១៧ នៃច្បាប់ស្តីពីជលផល ហើយចាត់ទុកដូចជាការប្រកាសបិទ នេសាទទូទាំងប្រទេសតែម្តង។
ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានណែនាំឲ្យមន្ទីរកសិកម្មខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យជលផលឲ្យមានចីរភាព ដោយត្រូវចាត់វិធានការ ឲ្យបានតឹងរឹងបំផុតបន្ថែមទៀត ចំពោះការប្រើប្រាស់ប្រភេទឧបករណ៍នេសាទខុសច្បាប់ ដូចជា ការប្រើឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុងជាដើម។
លោកថា «ត្រូវពង្រឹង និងជម្រុញឡើងវិញ ចំពោះស្រះជម្រកត្រីសហគមន៍ដែលបានបង្កើតហើយ និងបន្តបង្កើតថ្មីបន្ថែមទៀត ឲ្យបានច្រើនដល់មូលដ្ឋានភូមិឃុំទូទាំងខេត្ត ដែលជាវិធីសាស្ត្រធ្វើឲ្យ សំបូរត្រីឡើងវិញ, មន្ទីរកសិកម្មត្រូវអប់រំ និងផ្តល់សេវាបច្ចេកទេសដល់ប្រជាពលរដ្ឋយើងឲ្យខិតខំចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ, បន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការគ្រប់គ្រងកន្លែង អភិរក្សជលផលឲ្យបានល្អប្រសើរ និងបន្តការបង្រ្កាបបទល្មើសជលផលតទៅទៀត។
ដោយឡែកលោក ពឹង ទ្រីដា បានលើកឡើងថា នេះជាលើកទី១៣ហើយ ដែលទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់នូវមនោសញ្ចេតនាជាមួយប្រជាពលរដ្ឋ ជាពិសេស បងប្អូនប្រជានេសាទ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូបឲ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាធនធានជលផល។
លោកប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ទៀតថា ខណ្ឌជលផល នៃមន្ទីរកសិកម្មខេត្តបានខិតខំអនុវត្តន៍ការងារយ៉ាងសកម្មដូចភ្លៀងរលឹម រួមសហការយ៉ាងជិតស្និតជាមួយដៃគូរអភិវឌ្ឍន៍ ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធដោយប្រើប្រាស់មធ្យោបាយសរុបវិធានការសរុបលើគោលដៅសំខាន់ៗ មួយចំនួនរួមមាន៖
*ការលុបបំបាត់បទល្មើសជលផល ពិសេសការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា ឆក់ និងស្បៃមុង ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតវារីជាតិ គ្រប់ប្រភេទ *ការលើកកម្ពស់វារីវប្បកម្ម តាមរយៈការបំផុសចលនាលែងកូនត្រីក្នុងដែនទឹកធម្មជាតិ អភិរក្សជម្រកត្រីមេពូជ និងការពារ ដាំដុះព្រៃលិចទឹកឡើងវិញ៕