(ក្រចេះ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីធានាសុខភាពប្រជាពលរដ្ឋជាអ្នកទទួលទាន មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តក្រចេះដឹកនាំដោយលោក យាង បាក អនុប្រធានសាខា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរបានចុះអង្កេត និងរកមើលមុខទំនិញដែលមានហានិភ័យ លើសុវត្ថិភាពម្ហូបអាហារប្រចាំថ្ងៃ នៅផ្សារសាមគ្គីក្រុងក្រចេះ និងផ្សារថ្មីក្រុងក្រចេះ។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារធ្វើតេស្តមុខម្ហូបជាច្រើនមុខ និងបានរកឃើញភេសជ្ជៈមួយចំនួននៅក្នុងស្លាដក់ ហួសសុពលភាពប្រើប្រាស់ និងត្រូវបានដកហូតបំផ្លាញចោល។
លោក យាង បាក បានឲ្យដឹងថា កាចុះអង្កេត និងរកមើលមុខទំនិញដែលមានហានិភ័យ នៅព្រឹកនេះដោយមន្រ្តីបានធ្វើតេស្តសសៃគុយទាវ ខ្ញីហាន់ ត្រសក់ចាវ ផ្អក ប្រហុក សាច់ក្រក ស្ករត្នោត និងមុខម្ហូបអាហារជាច្រើនមុខទៀត។ ក្រោយពីធ្វើតេស្តបឋម រកមិនឃើញសារធាតុគីមីមហាមឃាត់នោះទេ តែបានរកឃើញភេសជ្ជៈហួសកាលបរិច្ឆេទ នៅក្នុងស្លាដក់ មានទឹកក្រូចដបជ័រ coca cola ចំនួន២ដប់ ទឹកក្រូ fanta ចំនួន២ដប់ និងប៊រកំប៉ុងចំនួន៥កំប៉ុង ត្រូវបានដក់ហូតយកទៅបំផ្លាញចោល។
ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូល ក៏បានចែកជូនផ្ទាំងរូបភាពផ្សព្វផ្សាយអប់រំសុខភាព សុវត្ថិភាពចំណីអាហារ មុខទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេទ ដូចជាំកំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជូនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសវាងបរិភោគអាហារ ដែលមានសារធាតុគីមីពុល នាំឱ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។
លោកអំពាវនាវដល់អាជីវករ ទាំងអស់ដើម្បីឆ្ពោះទៅរកចំណីអាហារ ប្រកបដោយសុវត្ថិភាព ត្រូវមានការចូលរួមទាំងអស់គ្នា ពោលគឺអ្នកផលលិត អ្នកចែកចាយ អ្នកទិញ អ្នកប្រើប្រាស់ រួមទាំងសមត្ថកិច្ចផងដែរ មុននឹងយកផលិតផលមកដាក់តាំងលក់ត្រូវចេះ មើលកាបរិច្ឆេទឱ្យបានត្រឹមត្រូវ កុំយកមុខទំនិញខូចគុណភាពមកដាក់តាំងលក់ ធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ព្រោះសុខភាពសំខាន់ណាស់ ហើយខុសច្បាប់ថែមទៀត ហើយលោកនៅតែបន្ដដឹកនាំមន្រ្តី ចុះត្រួតពិនិត្យជារើយៗដើម្បីសុខភាពប្រជាពលរដ្ឋ៕