(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈលោក Marek Libricky ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលឆែក ដែលបានលុបចោលបំណុល ដែលកម្ពុជាជំពាក់ខ្លួនកន្លងមក ហើយថ្លែងទៀតថា ប្រទេសផ្សេងទៀត គួរយកគំរូតាមឆែក។
តាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីជំនួបរវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតឆែក ដែលបានធ្វើឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា៖ «ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភាគីឆែក ចំពោះការលុបចោលនូវបំណុល ដែលកម្ពុជាជំពាក់ប្រទេសឆែកកន្លងមក និងបានបង្វែរបំណុលនោះមួយចំនួន ទៅជាជំនួយសម្រាប់ការអភិវឌ្ឍវិញ ដែលនេះជាចំណុចមួយល្អ គួរប្រទេសផ្សេងទៀតយកគំរូតាម និងបានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មី ដែលផ្អែកលើភាពជាដៃគូលើកឡើងដោយភាគីឆែក»។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងទៀតថា កម្ពុជាមានវិស័យអាទិភាពប្រកបដោយសក្តានុពលច្រើនក្នុងការវិនិយោគផ្ទាល់ពីវិនិយោគិនបរទេស។ លោកបានស្វាគមន៍គំនិតផ្តួចផ្តើមដ៏ល្អ របស់ភាគីឆែកក្នុងការរួមគ្នាជាដៃគូ សាងសង់មន្ទីរពេទ្យមួយ ដែលមានគុណភាពនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់ប្រជាជន។
ចំពោះវិស័យថាមពល អាស្រ័យដោយកម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឡាវ ដើម្បីទិញថាមពលសរុប ២៩០០មេហ្គាវ៉ាត់ដើម្បីបំពេញការ ខ្វះខាតអគ្គិសនីនៅក្នុងប្រទេសនោះ ភាគីឆែកអាចសិក្សាពីការសាងសង់ ខ្សែបណ្តាញអគ្គិសនី ពីប្រទេសឡាវមកកម្ពុជា និងពិនិត្យលទ្ធភាពវិនិយោគលើថាមពលកកើតថ្មី។
ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្មដែលផ្តោតទៅលើការវេចខ្ចប់ និងម៉ាស៉ីនកិនស្រូវដ៏មានគុណភាព សម្រាប់ការផលិតអង្ករ បម្រើឲ្យការនាំចេញ។ វិស័យទេសចរណ៍បៃតង ក៏ជាវិស័យមួយដែលអាចទាក់ទាញភ្ញៀវមកពីទ្វីបអឺរ៉ុប និងអាមេរិក។ លោកបានសម្តែងការជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយភាគីឆែក ក្នុងក្របខណ្ឌថ្មីនេះនឹងនាំនូវថាមភាពថ្មីៗ បន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Marek Libricky បានបញ្ជាក់ថា ភាគីឆែកក៏មានមោទនភាពដែរ ដែលបានសហការជាមួយនឹងកម្ពុជា លើវិស័យជាច្រើននាពេលកន្លងមក ហើយនឹងត្រៀមខ្លួនជាស្រេច ដើម្បីសហការជាបន្តទៀត សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងភាពជាដៃគូ។
ឯកអគ្គរដ្ឋទូតឆែក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឆែក។ លោកបានបញ្ជាក់ថា សាធារណរដ្ឋឆែកចាត់ទុកកម្ពុជា ជាមិត្តដ៏ជិតស្និទ្ធ ហើយលោក នឹងខិតខំធ្វើយ៉ាងណា ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត និងមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសនៅក្នុងឱកាសទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅសាធារណរដ្ឋឆែកនាពេលខាងមុខនេះ៕