(ឧត្តរមានជ័យ)៖ ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យថ្មី ត្រូវបានប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយលោក ផល លឹម អនុប្រធានមន្ទីរត្រូវឡើងជំនួសលោក យឹម ប៊ុនថន ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យនាពេលនេះ ធ្វើឡើងក្រោមវត្តមានលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាកដឹកនាំតាមនមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ។
លោករដ្ឋមន្ត្រី ខៀវ កាញ្ញារីទ្ធ បានថ្លែងថា ការប្រកាសចូលកាន់តំណែងប្រធានមន្ទីរនាពេលនេះ គឺគ្មានអ្វីប្លែកទេ ព្រោះការតែងតាំង ការផ្លាស់ប្តូរតួនាទី ភារកិច្ចមន្ត្រីរាជការស៊ីវិល ជារឿងធម្មតា ហើយចំពោះលោកប្រធានមន្ទីរចាស់ គាត់មិនមានកំហុសឆ្គងអីនោះទេ តែគាត់គាត់ដល់វ័យត្រូវចូលនិវត្តន៍ហើយ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ធ្វើយ៉ាងណាដឹកនាំមន្ទីរព័ត៌មានខេត្តឲ្យទទួលបានជោគជ័យ ពិសេសលើការផ្សព្វផ្សាយព័ត៌មានពិត ជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យបានទូលំទូលាយ៕