(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ តុលាការកំពូល បើកសវនាការរឿងមួយដែលកើតឡើងយូរឆ្នាំណាស់មកហើយ ដែលដីផ្នែកខាងត្បូងឈាង ខាងកើតវត្តស្ទឹងមានជ័យ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសាររំលោភយកធ្វើជាកម្មសិទ្ធិឯកជន ហើយក៏ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិនៅលើដីរបស់វត្តដែលពួកគេស្នាក់នៅ។
គួរជម្រាបថា ដីវត្តស្ទឹងមានជ័យ មានទំហំ៤ហិកតា ៧១អា និង១១សង់ទីអារ ដែលវត្តនេះបានចាប់ផ្ដើមកសាងឡើងវិញ បន្ទាប់ពីសង្គ្រាមនៅក្រោយឆ្នាំ១៩៧៩ ហើយក្នុងឆ្នាំ១៩៩០ គណៈកម្មាការវត្តបានដឹកនាំជួសជុល និងកសាងរបងជុំវិញវត្ត ដែលបានបន្សល់ទុកតាំងពីជំនាន់ លន់ ណុល។
ប៉ុន្ដែក្រោយមក គ្រួសាររបស់ឈ្មោះ ហុក អៀង បានមករស់នៅលើដីវត្តស្ទឹងមានជ័យជាបណ្ដោះអាសន្ន ក្រោយមកអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានដោះដូរដីឲ្យឈ្មោះ ហុក អៀង ទៅនៅខាងក្រៅ ប៉ុន្ដែគាត់មិនព្រមទទួលយកដោយស្នើសុំយកផ្ទះល្វែងដែលសាលាសង្កាត់បានដកហូត ទៅធ្វើឃ្លាំង និងអគារពាណិជ្ជកម្ម ក្រោយបែកឆ្នាំ១៩៧៩។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៥ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានចុះធ្វើការឃាត់ការសាងសង់របស់ផ្ទះឈ្មោះ អៀង គី ដែលជាកូនរបស់ឈ្មោះ ហុក អៀង ដោយសំអាងថា ការសាងសង់នេះ ខុសច្បាប់ និងបន្ដបន្ទាប់គណៈកម្មការ និងព្រះចៅអធិការវត្តស្ទឹងមានជ័យ តែងតែធ្វើការហាមឃាត់ និងបណ្ដេញក្រុមគ្រួសាររបស់ឈ្មោះ ហុក អៀង ឲ្យចេញពីបរិវេនវត្តតាំងតែពីដើមរៀងមក ប៉ុន្ដែពួកគាត់មិនព្រមចាកចេញ ហើយចេះតែបំពានធ្វើការសាងសង់បន្ថែមមិនខ្លាចរអាអ្វីឡើយ។
ក្រោយមកនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ គណៈកម្មការសុរិយាដីរាជធានីភ្នំពេញ បានសម្រេចប្រគល់ដីរបស់ក្រុមគ្រួសារឈ្មោះ ហុក អៀង កាន់កាប់ស្របច្បាប់ តាមច្បាប់ភូមិបាលឆ្នាំ២០០១ គឺមិនត្រឹមត្រូវនោះទេ ខណៈដែលភ័ស្ដុតាងជារូបភាព Google Map បានបង្ហាញរូបភាពអំពីរបងថ្មី ដែលផ្ទះរបស់ចុងចម្លើយស្ថិតនៅខាងក្នុងរបងវត្ត ផ្ទុយពីចម្លើយរបស់សាក្សី ដែលអះអាងថា វត្តនេះគ្មានរបងនោះទេ ប៉ុន្តែខាងគ្រួសារលោក ហុក អៀង បានវាយរបងវត្តដើម្បីបំបាត់ភស្តុតាងចោល។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់បានសុំការបកស្រាយពីគ្រួសារខាងលើនេះបាននោះទេ។
សូមបញ្ជាក់ថា ទីតាំងវត្តស្ទឹងមានជ័យ គឺស្ថិតនៅភូមិស្ទឹងមានជ័យ មិនមែនភូមិថ្មីនោះទេ ភូមិថ្មី គឺមានព្រំប្រទល់ត្រឹមផ្លូវបេតុងខាងត្បូងវត្ត ចំណែកការស្នើសុំពីភាគីចុងចម្លើយថា ផ្ទះរបស់គាត់ស្ថិតនៅក្នុងទីតាំងភូមិថ្មី គឺមិនត្រឹមត្រូវទេ ព្រោះគ្រួសាររបស់គាត់នៅក្នុងរបងវត្ត នៅភូមិស្ទឹងមានជ័យ។
ព្រះចៅអធិការវត្តស្ទឹងមានជ័យ ព្រះតេជគុណ ថៃ ប៊ុនធឿន បានស្នើដល់ប្រធានតុលាការកំពូល ជួយការពារនូវទ្រព្យសម្បត្តិគរុភ័ណ្ឌសង្ឃ ដែលជាទ្រព្យសាធារណៈ និងដើម្បីការពារឲ្យបានគង់វង្ស ទុកឲ្យអ្នកជំនាន់ក្រោយ បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាគំរូក្នុងការអនុវត្តច្បាប់ ព្រមទាំងដើម្បីជៀសវាងការបំពានបន្ដទៀតពីបុគ្គលនានា ដែលរស់នៅជុំវិញវត្ត៕