(ភ្នំពេញ)៖ ទន្ទឹមនឹងទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល បានបន្តប្រព្រឹត្តល្មេីសច្បាប់ម្តងហេីយម្តងទៀត ដោយក្នុងនោះមានទាំងការប្រមាថអង្គព្រះមហាក្សត្រដែរនោះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ច បានយកដីការបស់តុលាការ មួយថ្មីទៀត ទៅបិទនៅផ្ទះ លោក សម រង្ស៊ី នាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដីកានេះចេញដោយ លោក កែវ សុធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយកោះ ហៅ ទណ្ឌិត សម រង្ស៊ី ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ចំពោះបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ ដែលប្តឹងដោយ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន។
តាមបណ្តឹង លោកមេធាវី គី តិច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានធ្វើកិច្ចសម្ភាសន៍ ក្នុងវេទិការវិទ្យុអាស៊ីសេរី និងបានធ្វើការផ្សព្វផ្សាយជាសាធារណៈ លើ គេហទំព័រ Facebook ថា «អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្លាំងរបស់ហ៊ុន សែន សូម្បី ព្រះមហាក្សត្ររបស់យើង ក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែនដូចនេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃនេះទេ»។
លោក គី តិច ចាត់ទុកថា ទង្វើរបស់ទណ្ឌិត សម រង្ស៊ី ពិតជាបានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណង បរិហាកេរ្តិ៍ជាសាធារណៈ លើ សម្តេចតេជោ ហ៊ុន សែន និងបានបង្ហាញអំពីចេតនាទុច្ចរិត ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការបំពានលើ មាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
គិតរហូតមកទល់ពេលនេះ ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤របស់លោក សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ៕