(កំពង់ធំ)៖ ក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងសិស្សានុសិស្សជាង ១០០នាក់ ដែលបានប្រឡងជាប់បាក់ឌុប នៅវិទ្យាល័យក្រយា និងវិទ្យាល័យប្រាសាទបល្ល័ង្ក ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានផ្ដាំផ្ញើទៅកាន់សិស្សានុសិស្សដែលប្រឡងជាប់រួចហើយ ត្រូវខិតខំរៀនសូត្របន្តទៀត នៅពេលឈានជើងទៅដល់សាកលវិទ្យាល័យ ដើម្បីកសាងអនាគរដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង និងត្រូវជួយប្រទេសវិញផងដែរ។
ក្នុងពិធីសំណេះសំណាលដែលធ្វើឡើងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ លោក ជា អឿង បានលើកឡើងពីការសិក្សាពីជំនាន់មួយទៅជំនាន់មួយ កាន់តែរីកចម្រើនធ្វើឲ្យធនធានមនុស្ស កាន់តែមានចំណេះដឹងទូលំទូលាយ។
មិនតែប៉ុណ្ណោះ លោកក៏បានលើកពីការសិក្សាកាលពីជំនាន់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យកូនខ្មែរមិនអាចបំភ្លេចបានឡើយ កាលពីសម័យនោះធ្វើប្រជាពលរដ្ឋវេទនាផ្លូវកាយផ្លូវចិត្ត ជាពិសេសការទទួលយកចំណេះដឹង គឺពិបាកជាទីបំផុត។ ដោយឡែក បច្ចុប្បន្ននេះមានផ្លូវ ថ្នល់ ស្ពាន វត្តអារាម សាលារៀនគ្រប់ទិសទី កូនចៅអាចទទួលយកចំណេះដឹងគ្រប់ទិសទីបានងាយស្រួល។
លោកបានបន្តទៀតថា សព្វថ្ងៃនេះវិស័យអប់រំ ជាចក្ខុវិស័យមួយដែលធ្វើឲ្យប្រទេសរីកចម្រើន ហើយផ្ដាំផ្ញើដល់សិស្សានុសិស្សត្រូវចងចាំជានិច្ចនូវពាក្យថា កូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អ។ ម្យ៉ាងទៀត ក៏បានលើកឡើងចំពោះលោកគ្រូអ្នកគ្រូ ដែលសម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានអនុសាសន៍ជារឿយៗ កាលកន្លងមកថា
ចូរលោកគ្រូអ្នកគ្រូត្រូវចងចាំលក្ខណៈសម្បត្តិមានបី៖ សមត្ថភាពអប់រំ សមត្ថភាពស្រាវជ្រាវ គោរពសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។
ជាបណ្ដាំរបស់លោក ជា អឿង គឺសូមឱ្យសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីទទួលបានលទ្ធផលប្រឡងជោគជ័យ ក្នុងការឈានជើងទៅចាប់យកសាកលវិទ្យាល័យល្អៗ ហើយមានការងារប្រាក់ខែខ្ពស់នៅថ្ងៃអនាគត។
លោកបាននាំយកនូវសម្ភារៈសម្រាប់ចែកជូនលោកគ្រូ អ្នកគ្រូចំនួន ៣៣នាក់ ក្នុង១នាក់ទទួលបានសារុង ១ ថវិកា ៥០,០០០រៀល និងសិស្សប្រឡងជាប់សញ្ញាបត្រ ១៣៥នាក់ ក្នុង១នាក់ទទួលបានថវិកា ៤០,០០០រៀល។
គួររំលឹកផងដែរ សិស្សនៅក្នុងស្រុកប្រាសាទបល្ល័ង្ក មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤នាក់ (ស្រី ៩៨នាក់) បានប្រឡងជាប់ចំនួន ១៣៥នាក់ (ស្រី ៧៨នាក់) ក្នុងនោះជាប់និទ្ទេស C ១០នាក់ (ស្រី ២នាក់) និទ្ទេស D ២២នាក់ (ស្រី ១១នាក់) និងនិទ្ទេស E ១០៣នាក់ (ស្រី ៦៥នាក់)៕