(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ អំពាវនាវពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងមន្ដ្រីរាជការនៅទូទាំងខណ្ឌឫស្សីកែវ ចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារទ័ពការពារទឹកដីនៅសមរភូមិមុខ។
លិខិតអំពាវនាវ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះឲ្យដឹងថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នឹងដឹកនាំគណៈប្រតិភូខណ្ឌ ចូលរួមជាមួយគណៈប្រតិភូរាជធានីភ្នំពេញ នាំយកអំណោយទៅឧបត្ថម្ភ និងសួរសុខទុក្ខគ្រួសារកងទ័ព ព្រមទាំងកងទ័ពវរសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលមានទីតាំងឈរជើងនៅខ្សែក្រវ៉ាត់ព្រំដែន នៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ចែករំលែក។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូន ការិយាល័យអន្តរវិស័យ និងការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៅសាលាខណ្ឌឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ៕