(ព្រះវិហារ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំបាញ់នូវល្បិចកលរបស់ក្រុមក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី ក្នុងគោលបំណងបំផ្លាញនូវសុខសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
សារអំពាវនាវរបស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដឹកនាំ មន្ត្រីរាជការក្រោមឱវាទ រៀបចំចូលរួមកាន់វេនបិណ្ឌ នាំចង្ហាន់បាយសម្ល ម្ហូបអាហារ យកមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តទ្រីសុទ្ធារាមហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។
លោក សំ លាងទ្រី និងក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការបានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិការទាំង៧សណ្ដាន ឧបុព្វការីជន ដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិ ដែលបានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។
បន្ទាប់ពីពិធីរាប់បាត្រ វេប្រគេន បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានរួចមក លោក សំ លាងទ្រី បានធ្វើការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីចូលមាន ដល់ជូនបងប្អូនពុទ្ធបរិស័ទ ចំណុះជើងវត្តទ្រី សុទ្ធារ៉ាម និងបងប្អូនទូទាំងឃុំសង្កែពីរ និងជនរួមជាតិ ទាំងនៅទីជិតទីឆ្ងាយគ្រប់ៗគ្នា សូមទទួលបានសេចក្តីសុខ ជារៀងរហូត។
ជាមួយគ្នានេះ ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន បងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលបានសហការរៀបចំពិធីកាន់បិណ្ឌនាថ្ងៃនេះ បានយ៉ាងល្អប្រសើររៀបរយសណ្តាប់ធ្នាប់ ស្លៀកពាក់សមសួនតាមបែបប្រពៃណី និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។
ទិដ្ឋភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សពីភាពសុខសាន្ត និងជីវភាពសម្បូរណ៌សប្បាយ មានសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសុខដុមរមនាក្នុងសង្គមជាតិខ្មែរទាំងមូល ហើយទាំងអស់នេះ គឺដោយសារម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដូច្នេះបងប្អូនពុទ្ធបរិស័ទគ្រប់រូប ជួយថែរក្សាឲ្យបានគង់វង្សមាំមួនល្អ នូវសមិទ្ធផលទាំងអាណាចក្រ និងពុទ្ធចក្រ។
លោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្សយូរអង្វែង ដោយមិនត្រូវជឿតាមញុះញុងណាមួយរបស់ក្រុម ទណ្ឌិតសម រង្សី ដែលមានបំណងបង្កអសន្តិសុខ នៅក្នុងប្រទេស ពិសេស គឺបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រខ្មែរគ្រប់ៗរូប៕